លោកស័ក្តិ៣ ផ្លោះពីមន្រ្តីឡើងអនុការិយាល័យ វ៉ៃមនុស្សទារលុយ

អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក ទូច ធា​រ៉ា បាន​រង​ការ​ចោទប្រកាន់​ពី​យុវជន​២​នាក់ ពី​បទ​ធ្វើ​ទារុណកម្ម វាយ​នឹង​ស្នាប់​កាំ​ភ្លេ​ី​ង​ផង ឆក់​នឹង​ដំបង​ឆក់​ផង និង ជំរិត​យក​លុយ ៤ លាន​រៀល ។​

​បើ​តាម​គណនី​ឈ្មោះ Vannak Pheng មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​ទេ ហើយក៍​មិនដឹង​ថា ហេតុការណ៍​ឃាត់​ចាប់​យុវជន​ទាំង​២​នាក់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​និង​ធ្វើ​ទារុណកម្ម​ខាងលើ​នេះ​កើតឡើង​នៅ​ពេល​ណា​នោះ​ដែរ គ្រាន់តែ​បញ្ជាក់​ថា បាន​ដោះ​លែង​យុវជន​ទាំង​២​នាក់​នោះ​វិញ​ក្រោយ​ទទួល​បាន​លុយ​ពី​ជន​រង​គ្រោះ​៤​លាន​រៀល​កាលពី​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ។​

​បើ​តាម​គណនី​ដដែល ក្រោយ​បែកធ្លាយ​ព័ត៌មាន​ខាងលើ លោក​អនុសេនីយ៍ឯក ទូច ធា​រ៉ា ភ័យ​ស្លន់ស្លោ ក៏​យក​លុយ ៤ លាន រៀល ទៅ​សង​យុវជន​រង​គ្រោះ​វិញ តែ​យុវជន​រង​គ្រោះ​មិន​ទទួល ហេ​ី​យ​សំណូមពរ​អោយ​ចាត់វិធានការ​ច្បាប់​ចំពោះ លោក​ស័ក្តិ​៣ ទូច ធា​រ៉ា ។​

​បើ​តាម​លោក ផែង វណ្ណៈ កន្លង​មក​នាយ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ចំនួន ៧ នាក់ ទទួល​ការ​ដាក់​វិន័យ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​រង់ចាំ​ការ​សម្រេច​ជា​ថ្មី​ពី​ថ្នាក់ដឹកនាំ ដោយសារ​តែ​ពួក​គេ​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ប្រជាពលរដ្ឋ​ជំរិត​យក​លុយ ។​

​យ៉ាងណា នៅ​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​នេះ «​អង្រុត​»​មិន​អាច​រក​ការ​សុំ​បំភ្លឺ​ត​បាន​ទេពី​លោក ទូច ធា​រ៉ា ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ។ ចំណែក​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ក៍​មិន​អាច​ទាក់ទង​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ដែរ ៕