លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហើបឲ្យដឹងថា កន្លងមកមានអ្នកខាងលើ(មន្ត្រីជាន់ខ្ពស់) បានយកកូនក្មួយសាច់ញាតិរបស់ខ្លួនទៅផ្ញើនៅថ្នាក់ក្រោមជាតិ(ប៉ុស្តិ៍នគរបាលមូលដ្ឋាន) ធ្វើឲ្យពិបាកធ្វើការងារ ។
ពិបាកធ្វើការងារ ដោយសារតែពួកគេយកតែបទពិសោធន៍ប៉ុណ្ណោះ ដោយពេលបានចូលក្របខ័ណ្ឌប៉ូលិសហើយ ស្រាប់តែសុំផ្ទេរទៅកាន់កន្លែងផ្សេងតែម្ដង បណ្តាលឲ្យអង្គភាពដែលគាត់បម្រើការងារនោះ ខ្វះប៉ូលិសធ្វើការ ។ លោក ស ខេង ក៍ហាមជ្រើសរើសមន្ត្រីបែបនេះ ហើយក៍ស្នើឱ្យមានការសិក្សាស្រាវជ្រាវយច្បាស់លាស់លើការជ្រើសរើសសមត្ថភាពមន្ត្រីនគរបាលជាតិ ។
នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជាកាលពីថ្ងៃម្សិលមិញ លោកប្រមុខមហាផ្ទៃ ស ខេង ក៍បានបង្ហើបឲ្យដឹងផងដែរថា មានមន្ត្រីប៉ូលិសខ្លះសុំឡើងស័ក្តិ ដោយមួយឆ្នាំសុំឡើង២ដង តែពេលឲ្យទៅធ្វើការ បែរជាធ្វើអត់កើត ។
នៅក្នុងឱកាសនោះ លោក ស ខេង ក៍បានណែនាំឲ្យនាយកដ្ឋានជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះពួកគេទាំងនោះ ស្គាល់មូលដ្ឋានខ្លួនឯងច្បាស់ និងងាយស្រួលធ្វើការងារជូនប្រជាពលរដ្ឋ និងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាព ៕