ពលរដ្ឋខ្មែរចំនួន៦នាក់ក្នុងចំណោម១៤នាក់ រស់នៅក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានគ្រុនក្តៅនិងមានសញ្ញាកន្ទួលក្រហមនៅលើស្បែក កំពុងសម្រាកព្យបាលដែលមន្ត្រីសុខាភិបាលខេត្តព្រះសីហនុសង្ស័យថាពួកគេកើតជំងឺគ្រុនឈីក ។ ចំណែកអ្នកជំងឺ០៨នាក់ទៀត មន្ត្រីសុខាភិបាលបានយកសំណាកពួកគេមកពិនិត្យរោគសញ្ញានៅរាជធានីភ្នំពេញ ។
បើតាមក្រសួងសុខាភិបាល ជំងឺគ្រុនឈីកដែលផ្ទុះឡើងនៅក្រុងប៉ោយប៉ែតផងដែរនោះ ត្រូវបានរកឃើញដំបូងកើតនៅទ្វីបអាហ្វ្រិកនាឆ្នាំ១៩៥៣ និងបានរកឃើញនៅកម្ពុជាដំបូងនៅឆ្នាំ១៩៦១និង២០១១ ។ រោគសញ្ញានៃជំងឺគ្រុនឈឺក ដែលជាប្រភេទជំងឺឆ្លងរាតត្បាតខ្លាំងនោះ គឺអ្នកជំងឺគ្រុនក្តៅលើសពី៣៨អង្សារសេ មានកន្តួលក្រហមលើស្បែក កន្តួលលើស្បែកដៃ ឈឺសន្លាក់ដៃជើង ឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរ អស់កម្លាំង។ កាលពីឆ្នាំ២០១១ ជំងឺឈីកបានផ្ទុះរីករាលដាលខ្លាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ តាកែវ រតនគិរី ស្ទឹងត្រែង កណ្តាលនិងខេត្តកំពត ។
ជំងឺឈីគឺឆ្លងពីបុគ្គលមួយទៅបុគ្គលមួយ គ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយតាមរយៈសត្វមូសខ្លាញីខាំនៅពេលថ្ងៃ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរ និងទីកន្លែងដែលមិនមានអនាម័យបរិស្ថានស្អាត និងទីកន្លែងដែលបង្កើតជម្រកមូសខ្លាជាដើម ។
យ៉ាងណាក៍ដោយ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ កក្កដានេះ គឺជំងឺឈីក មិនបណ្តាលឲ្យអ្នកជំងឈឺស្លាប់នោះទេ គ្រប់អ្នកជំងឺគឺព្យាបាលបានក្នុងរយៈពេលមួយសប្តាហ៍ ឬលើសនេះទៅតាមសភាពជំងឺកើតយូរ ឬឆាប់ ប៉ុន្តែក្រសួងបានបញ្ជាក់ថា អ្នកជំងឺអាចស្លាប់បាន ប្រសិនបើអ្នកជំងឺនោះមានជំងឺរួមផ្សំផ្សេងទៀតកើតជាមួយគ្នាដូចជាគ្រុនឈាម គ្រុនចាញ់ រលាកស្រោមខួរជាដើម ។
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យលុបបំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឱ្យ មានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ផ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ជើងផ្កា និងប្រើអា បែតដាក់ក្នុងពាង ឬ អាងស្តុកទឹក ជារៀងរាល់អាទិត្យ។
ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (ស ម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)
ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយ មានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
ត្រូវសម្រាន្តក្នុងមុងទាំងយប់និងថៃ ព្រមទាំងបើកបង្អួច ទ្វារ ឱ្យធំ ដើម្បីឱ្យពន្លឺថ្ងៃ និងមាន ខ្យល់ចេញចូលបានល្អ ៕