ពលរដ្ឋខ្មែរចំនួន៧នាក់ទៀតហើយ ត្រូវបានក្រសួងសុខាភិបាលរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ និង០៧នាក់ជាសះស្បើយ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។ បើតាមសេចក្តីជូនព័ត៌មានដដែលបានបញ្ជាក់ថា អ្នកឆ្លងទាំង៧នាក់នោះ គឺ០៤នាក់ជាបុរសកងទ័ពមួកខៀវដែលត្រឡប់មកពីប្រទេសម៉ាលីសរុបចំនួន៨០នាក់កាលពីថ្ងៃទី១០ និង០៣នាក់ទៀត ជាបុរសជនជាតិខ្មែរដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៣ កក្កដា ២០២០ ។
គិតត្រឹមម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី២៩ កក្កដា ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទសរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុប១៥៤នាក់ (បុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាត អាមេរិកកាំង០២នាក់ ។
ងាកទៅប្រទេសវៀតណាមជាប់កម្ពុជានោះវិញ អាជ្ញាធរវៀតណាមបានប្រកាសថាខ្លួន បានរកឃើញករណីឆ្លងថ្មីតាមសហគមន៍ចំនួន៨នាក់បន្ថែមទៀតនៅក្នុងទីក្រុងដាណាង នាព្រឹកថ្ងៃទី២៩ កក្កដានេះ ។
គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ទីក្រុងដាណាង បានរាយការណ៍ពីករណីឆ្លងសរុបចំនួន ១៥ករណីហើយ ដែលមានពាក់ព័ន្ធនឹងមន្ទីរពេទ្យចំនួន៣ នៅក្នុងទីក្រុងទេសចរណ៍មួយនេះ។
កាលពីល្ងាចថ្ងៃទី២៧ កក្កដា អាជ្ញាធរវៀតណាម បានប្រកាសផ្អាកជើងហោះហើរក្នុងស្រុក ចេញ និងចូលក្រុងដាណាងទាំងអស់ ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដាតទៅ ។
ជាមួយគ្នានេះ ប្រជាជនវៀតណាម រស់នៅក្នុងសង្កាត់ចំនួន៦ ក្នុងក្រុងដាណាង ត្រូវបានអាជ្ញាធរប្រកាសឲ្យស្នាក់នៅតែក្នុងផ្ទះបណ្តោះអាសន្ន លើកលែងតែករណីចាំបាច់តែប៉ុណ្ណោះ ដូចជាចេញទៅទិញម្ហូបអាហារ ថ្នាំពេទ្យ និងអ្នកធ្វើការក្នុងរោងចក្រជាដើម។
គិតត្រឹមម៉ោង៨និង២៥នាទីព្រឹកថ្ងៃពុធនេះដែរ ករណីប្រជាជនវៀតណាមឆ្លងមេរោគកូវីដ-១៩ បានកើនដល់ ៤៤៦នាក់ ក្នុងនោះជាសះស្បើយ ៣៦៩នាក់៕