លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានគេស្គាល់ថាជាកូនស្រីបង្កើតរបស់លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិដ្ឋ រដ្ឋមន្ត្រីក្រសឧស្សាហកម្មនិងសិប្បកម្ម ។
ក្រៅពីមានតួនាទីជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលឪពុកលោកស្រី គឺលោក ចម ប្រសិដ្ឋ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ១៩៩៤ ក្រោយលោក សម រង្ស៊ី ចាកចេញនោះរួចមក លោកស្រីក៍ត្រូវបានគេដឹងថាមានតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
លោកស្រី ចម និម្មល ក៍ត្រូវបានគេដឹងថា បានបម្រើការក្នុងក្រសួងពាណិជ្ជកម្មជិត២០ឆ្នាំមកហើយ ជាអនុរដ្ឋលេខាធិការ និងជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលកាន់កាប់ដោយឲ្យពុករបស់លោកនាពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ក្នុងមហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកស្រី ចម និម្មល ក៍ត្រូវបានមហាសន្និបាតសម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលជាមួយនឹងបេក្ខភាព១៥រូបទៀត ដែលភាគច្រើនត្រូវគេស្គាល់ថាជាកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដូចជា លោក ជាម ច័ន្ធសោភ័ណ្(កូនលោក ជាម យៀប) លោកស្រី មិថុនា ភូថង( កូនលោក យុទ្ឋ ភូថង និងត្រូវជាចៅព្រឹទ្ឋចារ្យក្នុងបក្សដ៍មានឥទ្ឋិពល គឺលោក សាយ ភូថង) , ៤. លោក ថង សាវុន( កូនលោក ប៊ូ ថង) លោក ទៀ សីហា( កូនលោក ទៀ បាញ់) លោក សុខ ពុទ្ធិវុធ(កូនលោក សុខ អាន) លោក សំហេង បុរស ( កូនលោក អ៊ិត សំហេង) ជាដើម ។
ការងាររបស់លោកស្រី ចម ប្រសិដ្ឋ បានគ្របដណ្ដប់គ្រប់ទិដ្ឋភាពទាំងអស់នៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសគំនិតផ្ដួចផ្ដើមសមាហរណកម្មនៃក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
ក្រៅពីការងារស្នូលខាងលើ លោកស្រី ចម និម្មល ក៍ត្រូវបានគេដឹងថាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសជាមួយយុវជន និងកិច្ចការមនុស្សធម៌។ លោកស្រី បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម ពីសហរដ្ឋអាមេរិក ៕