ស្ពានអូរតានង ដែលស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានគេអះអាងថាមានការចាក់ដីលុប ធ្វើឲ្យពលរដ្ឋមួយចំនួនធ្លាប់ដើរឆ្លងកាត់ស្ពានដែលពួកគេចាត់ទុកជាស្ពានប្រវត្តិសាស្ត្រនោះមិនសប្បាយចិត្តនិងសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ឋទប់ស្កាត់ជាបន្ទាន់ ។
យ៉ាងណាក៍ដោយ បើតាមគណនីហ្វេសប៊ុកឈ្មោះ Hong Menea មិនបានសរសេរបញ្ជាក់នៅប៉ុន្មាននាទីមុននេះ អំពីថាតើគេចាក់បំពេញដីលុបស្ពាននេះ ដើម្បីអភិវឌ្ឍន៍អ្វីនោះទេ ហើយក៍មិនដឹងថា ក្រុមហ៊ុនណា ឬ បុគ្គលមានអំណច ឬ ទ្រព្យណាជាអ្នកលុបនោះដែរ ដោយនៅលើបណ្តាញសង្គមហ្វេសប៊ុកម្ចាស់គណនីខាងលើបានរៀបរាប់ខ្លីមានអត្ថន័យទាំងស្រុងថា«ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ដែលរស់នៅក្នុងសង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារ ខ្ញុំមានការហួសចិត្តជាខ្លាំង នូវទង្វើដែលមិនគួរធ្វើ ក្នុងការលុប ស្ពានប្រវត្តិសាស្ត្រ មានតែមួយគត់ នៅក្នុងសង្កាត់កោះដាច់ ដែលសល់ពីជំនន់ដូនតាមក គឺស្ពាន អូរតានង ។ ពិតណាស់ការអភិវឌ្ឍន៍គឺជាប្រយោជន៍ដើម្បីប្រជាជន តែការអភិវឌ្ឍន៍ខ្លះគួរតែពិភាក្សាជាមួយប្រជាជន ថាតើគួរឬ មិនគួរធ្វើ។ដូច្នោះសូមអាជ្ញាធរពាក់ព័ន្ឋជួយដោះស្រាយនៅបញ្ហានេះផង» ។
នៅម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ កក្កដាដដែលនេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអ្នកនាំពាក្យសាលាខណ្ឌជ្រោយចង្វារ ក៍ដូចជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ៕