ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានច្រានចោលការចុះផ្សាយរបស់«អង្រុត»កាលពីថ្ងៃម្សិលមិញដែលដាក់ចំណងជើងថា«លោក ផៃ ស៊ីផាន ហៅអ្នកមិនពេញចិត្តនឹងការលុបទន្លេជាក្រុមតិរច្ឆាន» និងចាត់ទុកព័ត៌មាននេះជាការប្រឌិតគួរឲ្យអាម៉ាស់បំផុត ។
«អង្រុត» មិនមានចេតនាមួលបង្កាច់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបណានោះទេ រាប់ទាំងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែអ្វីដែល«អង្រុត»ចុះផ្សាយគឺយោងលើសំណេររបស់លោកផៃ ស៊ីផាន ផ្ទាល់ដែលសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៧ កក្កដា ២០២០ ។
កាលពីម៉ោង២និង២៦នាទីរសៀលថ្ងៃទី១៧ កក្កដា ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ផៃ ស៊ីផាន បានសរសេរយ៉ាងដូច្នេះ«ក្រុមហ៊ុនអូស៊ីអាយស៊ី = គ្មានមេកើយឈ្មោះអាឡិចនិងវិទ្យុអារង្ស៊ីសេរីទេ ដូច្នេះក្រុមហ៊ុន មិនចាំបាច់រាយការណ៏ឲ្យបុគ្គលនិងក្រុមនេះទេ ។ គេគួរតែត្រេកអរនិងសប្បាយរីករាយនឹងការបោះទុនអភិវឌ្ឈន៏ប្រទេសរបស់ក្រុមហ៊ុនវិនិយោគ = តែមានតែពួកតិរច្ឆានទេដែលសម្តែងការថ្នាំងថ្នាក់នឹងការអភិវឌ្ឈន៏ ។»។
ដោយគោរពតាមក្រមសីលធ៌មវិជ្ជាជីវៈ «អង្រុត» រង់ចាំស្រាយបំភ្លឺពីលោក ផៃ ស៊ីផាន និងចុះផ្សាយអត្ថបទរបស់លោកទាំងស្រុង ៕