ផ្សារទំនើប AEON ដែលជាផ្សារទំនើបបំផុតនិងកំពុងឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានប្រកាសថាខ្លួននឹងផ្អាកអាប់ជាក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ៥$ និង ១០$ ចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២០នេះតទៅ ប៉ុន្តែនៅបន្តទទួលក្រដាសប្រាក់ដុល្លារ ពីអតិថិជនសម្រាប់ការជាវទំនិញរហូតដល់មានការជូនដំណឹងជាថ្មី ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ផ្សារទំនើប AEON ដែលជាផ្សារទំនើបវិនិយោគដោយជប៉ុនផ្សារទំនើបអ៊ីអន ។ សេចក្តីជូនដំណឹងក៍បានបញ្ជាក់ដែរថា ផ្សារទំនើប AEON នឹងអាប់ត្រឡប់ទៅវិញ រាល់ប្រាក់អាប់ នឹងប្រើប្រាស់ប្រាក់រៀល(៛)វិញ ។
កាលពីពេលថ្មីៗនេះ ក៍មានការភ្ញាក់ផ្អើលម្តងមកហើយអំពីការអាជីវករមិនទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទក្រដាស១$ ៥$ និង ១០$ បង្កឲ្យមានការរិះគន់ រហូតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញប្រកាសព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករណាមិនទទួលយកក្រដាសប្រាក់ដុល្លារប្រភេទ១$ ៥$ និង ១០$ ។
យ៉ាងណាក៍ដោយ ពាក់ព័ន្ឋនឹងសេចក្តីជូនដំណឹងរបស់ផ្សារទំនើប AEON ខាងលើនេះ លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិកម្ពុជា បានប្រាប់ប្រព័ន្ឋផ្សពញវផ្សាយក្នុងស្រុកថា ចំពោះការប្រកាស របស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះ សម្រាប់អាប់ក៏យើងមិនអាចបង្ខំ គាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណា ដែលគាត់មាន ។ យើងទាំងអស់គ្នា គួរបន្តគាំទ្រការប្រើប្រាស់រៀល ឱ្យបានទូលំទូលាយ” ។
ជាទូទៅជប៉ុន គាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ ប្រាក់រៀលនៅកម្ពុជា តាមរយៈ JICA ការទទួលយកតែប្រាក់រៀល សម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេ ឧបករណ៍ទូទាត់ តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃ ជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេ ក្នុងចំណោមផ្សារទំនើប ទាំងអស់នៅកម្ពុជា ៕