អាជ្ញាធរវៀតណាមបានប្រកាសថាខ្លួនបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន៤៥នាក់ទៀត ដែលជាករណីឆ្លងតាមសហគមន៍ ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងសហគមន៍សរុបកើនដល់៩៣នាក់ហើយ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយវៀតណាមបានបញ្ជាក់ថា ករណីរកឃើញថ្មី៤៥នាក់នៅក្នុងទីក្រុងដាណាងភាគកណ្តាលវៀតណាមនេះ គឺជាករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីការឆ្លងរាលដាលពីខែមករាមក ។
ជាមួយគ្នានេះ អាជ្ញាធរវៀតណាមបានដាក់ចេញជាវិធនាការជាច្រើន ដើម្បីទប់ស្កាត់ការរីករាលក្នុងសហគមន៍ដែលជាក្តីព្រួយបារម្ភបំផុតរបស់រដ្ឋាភិបាលកុម្មុយនីស្តក្បែរខាងកម្ពុជាមួយនេះ ក្នុងនោះអាជ្ញាធរវៀតណាមក៍បានប្រើប្រាស់វិធានការតាមទូរស័ព្ទដៃ ដោយផ្ញើសារជាអក្សរទៅកាន់ប្រជាជនប្រមាណ ៩៥លាននាក់នៅទូទាំងប្រទេស និងបានស្នើឲ្យពលរដ្ឋដែលធ្លាប់ធ្វើដំណើរទៅទីក្រុងដាណាង ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់ ។
គិតត្រឹមម៉ោង១១និង១៧នាទីថ្ងៃត្រង់ថ្ងៃទី៣១ កក្កដានេះ ចំនួនអ្នកឆ្លងកូវីដ១៩នៅក្នុងប្រទេសវៀតណាមបានកើនដល់៥០៩នាក់ ក្នុងនោះ៣៦៩នាក់បានជាសះស្បើយ និងបានរាលដាលក្នុងខេត្ត-ក្រុងចំនួន៦ តែក្នុងរយៈពេល៦ថ្ងៃប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីមានករណីឆ្លងនៅក្នុងសហគមន៍ក្នុងទីក្រុងដាណាងនោះរួចមក លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានអំពាវនាវកាលពីដើមសប្តាហ៍នេះដែរឲ្យពលរដ្ឋត្រូវពាក់ម៉ាសជាប្រចាំពេលចេញដំណើរទៅណាមកណានិងប្រកាសបិទការហោះហើរចេញចូលពីក្រុងដាណាងទាំងអស់ ហើយការធ្វើដំណើរនៅក្នុងទីក្រុងនេះ ក៏មិនអនុញ្ញាតដែរ លើកលែងតែករណីចាំបាច់។ ក្រៅពីនេះ រដ្ឋាភិបាលកុម្មុយនីស្តជិតខាងកម្ពុជាមួយនេះ ក៏បានចាត់វិធានការពង្រឹងការត្រួតពិនិត្យតាមព្រំដែនផងដែរ ដោយសារបារម្ភពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលអាចចម្លង COVID-19 កាន់តែខ្លាំងថែមទៀតនៅវៀតណាម៕