ឆ្កែ​​វង្វេងផ្លូវ ១ក្បាលនៅ​ប្រេ​ស៊ី​ល ក្លាយជា​បុគ្គលិកថ្មី ​ក្នុង​ក្រុមហ៊ុន​ហ៊ី​យ៉ា​ន់​ដាយ

ទីក្រុង​សៅ​ប៉ូ​ឡូ ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ ទីភ្នាក់ងារ​ក្រុមហ៊ុន ហ៊ី​យ៉ា​ន់​ដាយ នៅ​ប្រទេស​ប្រេ​ស៊ី​ល បាន​ចែករំលែក រឿង​ឆ្កែ​អនាថា មួយ​ក្បាល ដែល​ឆ្កែ​នោះ​វា​ចំណាយពេល​រាល់ថ្ងៃ នៅ​អង្គុយ​ចាំ​ខាងក្រៅ​ហាង​លក់​រថយន្ត​១​កន្លែង រហូត​ដល់​ប្រធាន​សាខា​ក្រុមហ៊ុន​នៅ​ហាង​នោះ សម្រេចចិត្ត​យក​ឆ្កែ​អនាថា ចូល​ជា​សមាជិក​ក្នុង​ក្រុមការងារ ដោយ​មាន​ស្លាក​ឈ្មោះ​ថ្មី ពាក់​លើក​របស់​វា សម្គាល់​ជា​បុគ្គលិក​ថែម​ទៀត ។

កូន​ឆ្កែ​អនាថា​នេះ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា TUCSON PRIME ក្រៅពី​ទទួល​ថតរូប​ពី​សំណាក់​ភ្ញៀវ​ដែល​ចូល​មក​មើល​រថយន្ត ឆ្កែ​អនាថា​នេះ ក៏​ជា​ការពារ​ប្រចាំ​ហាង​លក់​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​មួយ​នេះ​ដែរ ដោយ​ទទួល​បាន​កន្លែងដេក អាហារ​និង​ទឹក​រាល់ថ្ងៃ ហើយ​រស់នៅ​ខាងក្នុង​កន្លែង​នោះ និង​មាន​បុគ្គលិក​ទីភ្នាក់ងារ​លក់​រថយន្ត យកចិត្តទុកដាក់​មើលថែ​ទាំ ។

ព័ត៌មាន​ឆ្កែ​អនាថា​នេះ កំពុង​ល្បី​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ នៅ​លើ​បណ្តាញ​សង្គម instagram, twitter និង Facebook រហូត​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​របស់​ប្រេ​ស៊ី​ល VOM News ក៏​បាន​ចុះ​ផ្សាយ​រូបភាព​កូន​ឆ្កែ​១​ក្បាល​នេះ លើ​ទំព័រ​កាសែត​ផង​ដែរ ។

ឥឡូវនេះ ឆ្កែ​អនាថា ប្រាកដជា​នឹង​មានជីវិត​ប្រសើរ​ជាង​ពេល​ដែល​វា នៅ​រង​ចាំ និង​ដើរ​វង្វេងផ្លូវ នៅ​ប្រេ​ស៊ី​ល ៕

(​ក្នុង​ន័យ​មេរៀន​អប់រំ​នៃ​ជីវិត ៖ ជីវិត គឺជា​ការ​តស៊ូ បើ​មិន​តស៊ូ​ទេ «​នៅ​តែ​រង​ចាំ និង​ដើរ​វង្វេងផ្លូវ​» ប្រយ័ត្ន​ចាញ់​ឆ្កែ​)