ក្រោយពីមានការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Master Pharma Group LTD នូវប្រភេទថ្នាំវីតាមីនសម្រាប់បញ្ចុះជាតិខ្លាញ់ក្នុងសរសៃឈាមគឺថ្នាំដែលក្រុមហ៊ុនអះអាងថាផលិតនៅសហរដ្ឋអាមេរិកឈ្មោះ TOCOVID នោះរួចមក មជ្ឈដ្ឋានមួយចំនួនដែលឃើញការផ្សព្វផ្សាយថ្នាំខាងលើនេះ បានសម្តែងក្តីបារម្ភថា ពលរដ្ឋខ្មែរអាចនឹងមានការយល់ច្រឡំថាជាថ្នាំព្យាបាលជំងឺកូវីដ១៩ ។
បើតាមការផ្សព្វផ្សាយថ្នាំរបស់ក្រុមហ៊ុនខាងលើនិងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលផងនោះ គឺជាប្រភេទថ្នាំគ្រាប់ស្រដៀងទៅនឹងថ្នាំខ្មែរយើងតែងហៅថ្នាំភ្នែកត្រី គ្រាន់តែថ្នាំ TOCOVID មានរៀងទ្រវែង ច្រកក្នុងដបបិទជិតគម្របព៌ណស និងមានស្លាកឈ្មោះថ្នាំសរសេរជាអក្សរឡាតាំង TOCOVID ព៌ណលឿង ។
ដូច្នេះសូមពលរដ្ឋដែលអាចថាមិនហ៊ានទៅពិនិត្យរករោគសញ្ញាជំងឺកូវីដ១៩ ហើយសង្ស័យខ្លួនឯងថាផ្ទុកមេរោគដ៍កាចសាហាវនោះ កុំមានការភ័ន្តច្រឡំថាថ្នាំខាងលើជាថ្នាំព្យាបាលជំងឺកូវីដ១៩ ហើយទៅរកទិញ។
នៅយប់ថ្ងៃទី០៤ សីហា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីតំណាងក្រុមហ៊ុន Master Pharma Group LTD ក៍ដូចជាលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ៕