ក្មេងប្រុសម្នាក់បានស្លាប់ និងក្មេងពីរនាក់ទៀតរងរបួសស្រាល ដោយសារទ្វារដែករលំសង្កត់ ។
ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី០៤ សីហា ២០២០ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។
បើតាមនគរបាលស្រុក បានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ មានឈ្មោះ រុន ចំរុង អាយុ០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែកក្មេង២នាក់ទៀតមានឈ្មោះ ភារ៉ា និងឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល ។
បើតាមប៉ូលិសមូលដ្ឋានដដែល នៅមុនពេលកើតហេតុ ក្មេងៗរងគ្រោះបាននាំគ្នាមកលេងនៅក្នុងដីឡូត៍ របស់ជីតា នៅមុខផ្ទះឈ្មោះ ឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ បន្ទាប់មកក៍នាំគ្នាលេងរុញទ្វាររបងទៅមកៗ ស្រាប់តែចៃដន្យរបូតគន្លឹះខ្ទាស់ទ្វារ បណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងស្លាប់និងរបួសតែម្តង ៕