សូមពលរដ្ឋប្រយ័ត្នច្រឡំថាជាថ្នាំព្យាបាលជំងឺកូវីដ១៩ !

ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Master Pharma Group LTD នូវ​ប្រភេទ​ថ្នាំ​វីតាមីន​សម្រាប់​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​គឺ​ថ្នាំ​ដែល​ក្រុមហ៊ុន​អះអាង​ថា​ផលិត​នៅ​សហរដ្ឋអាមេរិក​ឈ្មោះ TOCOVID នោះ​រួច​មក មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​ឃើញ​ការ​ផ្សព្វផ្សាយ​ថ្នាំ​ខាងលើ​នេះ បាន​សម្តែង​ក្តី​បារម្ភ​ថា ពលរដ្ឋ​ខ្មែរ​អាច​នឹង​មានការ​យល់​ច្រឡំ​ថា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ។​

​បើ​តាម​ការ​ផ្សព្វផ្សាយ​ថ្នាំ​របស់​ក្រុមហ៊ុន​ខាងលើ​និង​មានការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល​ផង​នោះ គឺជា​ប្រភេទ​ថ្នាំ​គ្រាប់​ស្រ​ដៀង​ទៅ​នឹង​ថ្នាំខ្មែរ​យើង​តែង​ហៅ​ថ្នាំ​ភ្នែក​ត្រី គ្រាន់តែ​ថ្នាំ TOCOVID មាន​រៀង​ទ្រវែង ច្រក​ក្នុង​ដប​បិទ​ជិត​គម្រប​ព៌​ណ​ស និង​មាន​ស្លាក​ឈ្មោះ​ថ្នាំ​សរសេរ​ជា​អក្សរ​ឡា​តាំង TOCOVID ព៌​ណ​លឿង ។​

​ដូច្នេះ​សូម​ពលរដ្ឋ​ដែល​អាច​ថា​មិន​ហ៊ាន​ទៅ​ពិនិត្យ​រក​រោគ​សញ្ញា​ជំងឺ​កូ​វី​ដ​១៩ ហើយ​សង្ស័យ​ខ្លួនឯង​ថា​ផ្ទុកមេរោគ​ដ៍​កាច​សាហាវ​នោះ កុំ​មានការ​ភ័ន្ត​ច្រឡំ​ថា​ថ្នាំ​ខាងលើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ហើយ​ទៅ​រក​ទិញ​។​

​នៅ​យប់​ថ្ងៃ​ទី​០៤ សីហា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​តំណាង​ក្រុមហ៊ុន Master Pharma Group LTD ក៍​ដូច​ជា​លោកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ៕