មេធាវីការពារក្តីឱ្យអតីតសកម្មជនបក្សប្រឆាំង និយាយថា សកម្មជន៤នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ ក្រោយពីមានការតវ៉ាទាមទារឱ្យដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន។
លោកមេធាវី សំ សុគង់ ប្រាប់VODនៅថ្ងៃនេះថា លោក អ៊ុក សំអូន អ្នកស្រី ឈិន សុ វណ្ណា លោក ឈួ ផេង និងលោក ជុំ ពុទ្ធី ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនបន្តបន្ទាប់គឺថ្ងៃទី៤ ទី៥ និងទី៦ ខែសីហានេះ។
មេធាវីរូបនេះអះអាងថា តាមក្រុមគ្រួសារសកម្មជន ការចាប់ខ្លួនធ្វើឡើងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈពួកគេព្យាយាមជួបព្រះសង្ឃ៨អង្គដែលអាជ្ញាធរនាំព្រះកាយមកវត្តថាន់ឱ្យចុះកិច្ចសន្យាឈប់តវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។
លោកថា៖ «គាត់ចេះតែឈឺឆ្អាលរឿងសង្គម ឱ្យតែមានការចាប់ខ្លួនឬក៏មានបាតុកម្មទាមទារ គាត់តែងតែចូលរួម អ៊ីចឹងហើយបានមានការចាប់ខ្លួនពីអាជ្ញាធរនៅពេលនេះ»។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និយាយថា ជនសង្ស័យ៤នាក់ដែលបានចាប់ខ្លួន ពីរនាក់ត្រូវអប់រំនិងពីរនាក់ទៀតត្រូវបញ្ជូនទៅតុលាការ។
លោក ស ថេត ឱ្យដឹងដែរថា ពីរនាក់ដែលរងការចោទនោះមានលោក ឈួ ផេង និងលោក ជុំ ពុទ្ធី ចូលក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
លោកថា៖ «ហេតុអីបានចោទអ៊ីចឹង ព្រោះអីពួកគាត់ពីរនាក់នេះបានទទួលផែនការយ៉ាងច្បាស់លាស់ពីថ្នាក់ដឹកនាំរបស់គាត់ ទាំងខាងក្នុងទាំងខាងក្រៅ ឱ្យប្រមូលផ្តុំកម្លាំងរបស់ពួកគាត់នៅតាមសង្កាត់ ១សង្កាត់៣នាក់ ដើម្បីតវ៉ាសុំឱ្យដោះលែងលោក រ៉ុង ឈុន»។
ភរិយាលោក ឈួ ផេង គឺអ្នកស្រី ដុស គីមទៀង អះអាងថា ប្តីគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ទេ ដោយអះអាងថា ច្រើនឆ្នាំមកនេះ ប្តីអ្នកស្រីរកស៊ីធម្មតាមិនបានធ្វើនយោបាយអ្វីឡើយ។
អ្នកស្រីថា៖ «ខ្ញុំសុំណូមពរឱ្យដោះលែងប្តីខ្ញុំមកវិញមក ព្រោះអីប្តីខ្ញុំអត់មានកំហុសអីទេ គាត់ជាបង្គោលគ្រួសារមួយ។ ដូចដឹងអ៊ីចឹង ខ្ញុំដូចនៅកណ្តាលទន្លេអ៊ីចឹង»។
ស្ត្រីអាយុ៤២ឆ្នាំរូបនេះ អះអាងថា គាត់មានកូនស្រី៣នាក់ ម្នាក់ទើបនឹងរៀនចប់មហាវិទ្យាល័យ ម្នាក់រៀនឆ្នាំទី១ និងម្នាក់ទៀតរៀនថ្នាក់ទី៥។
កូនលោក ជុំ ពុទ្ធី គឺលោក ជុំ ពុទ្ធោ អាយុ១៩ឆ្នាំ ដែលអះអាងថាមានបងប្អូន៦នាក់ ក៏ទទូចឱ្យដោះលែងឱពុកដែរ ដោយថា ឱពុកខ្លួនមិនបានមានសកម្មភាពនយោបាយអ្វីទេ ប្រកបមុខរបររត់កង់បីច្រើនឆ្នាំមកហើយ។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី និយាយថា វិធានការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី ជាបន្តបន្ទាប់ ជាសញ្ញាព្រួយបារម្ភមួយ ខណៈពលរដ្ឋជួបបញ្ហាជីវភាពដោយសារកូវីដ១៩ បញ្ហាព្រំដែន និងវិបត្តិនយោបាយអូសបន្លាយ។
លោកថា៖ «នៅពេលដែលបញ្ហាកើតឡើងផ្ទួនៗ ហើយរដ្ឋាភិបាលមិនប្រើយន្តការដោះស្រាយ បែរជាចាប់ចងបន្ថែមបញ្ហាបែបនេះទៀត ខ្ញុំមើលឃើញវិបត្តិសង្គមវានឹងកើតឡើងហើយវិបត្តិផ្លូវចិត្តរបស់សង្គមក៏ជាវិបត្តិមួយដែរ »។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា។ មួយថ្ងៃបន្ទាប់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ចោទពីបទញុះញង់ធ្វើឱ្យមានបទឧក្រិដ្ឋជាអាទិ៍។
ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន ក្រោយពីគាត់ចុះជួបពលរដ្ឋនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមក លោកបង្ហាញរបាយការណ៍មួយថា ពលរដ្ឋ១០៦គ្រួសារនៅខេត្តជាប់ព្រំដែននោះប្រឈមនឹងបាត់ដីសម្រាប់អាស្រ័យផល ដោយសារវៀតណាមបោះបង្គោលឡាក់ព្រំដែនលេខ១១៤និង១១៩ ចូលដីខ្មែរប្រមាណជា៥០០ម៉ែត្រ។
យ៉ាងណា កាលពីសប្តាហ៍មុន អង្គការសមាគម១១៤បានចេញសេចក្តីថ្លែងការណ៍រួមចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់លោក រ៉ុង ឈុន ថាជាការរំលោភសិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញនិងទាមទារឱ្យដោះលែង។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី៤ តាមរយៈសេចក្តីថ្លែងការណ៍ទាមទារទៅអាជ្ញាធររដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើលោក រ៉ុង ឈុន ជាបន្ទាន់ ដោយចាត់ទុកការចោទប្រកាន់នោះថា «ចោទប្រកាន់បែបប្រឌិត»។
ក្រសួងយុត្តិធម៌ បានអំពាវនាវដល់ក្រុមអ្នកតវ៉ាឱ្យដោះលែង លោក រ៉ុង ឈុន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់មុននឹងអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើពួកគេ។
ការអំពាវនាវរបស់ក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយក្រុមបាននិងកំពុងធ្វើសកម្មភាពប្រមូល និងដើរក្បួនតាមដងវិថីជាដើមទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា សកម្មភាពក្នុងការប្រមូលផ្តុំមនុស្សនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារឱ្យស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះ រ៉ុង ឈុន ពុំមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។ ផ្ទុយទៅវិញទង្វើនេះ ជាការដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌ តាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងយុត្តិធម៌បន្ថែមថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់អំពីបទល្មើសណាមួយរបស់អង្គអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។ ក្នុងន័យនេះ ជនត្រូវចោទឈ្មោះ រ៉ុង ឈុន មានសិទ្ធិពេញលេញស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែៗ មួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមផ្លូវច្បាប់ ស្របតាម នីតិវិធីជាធរមាននៅចំពោះមុខស្ថាប័នតុលាការ។
ពាក់ព័ន្ធនឹងការធ្វើសកម្មភាពតវ៉ារបស់មនុស្សមួយក្រុមនេះ សាលារាជធានីភ្នំពេញនៅថ្ងៃនេះ ក៏បានអំពាវនាវដល់អាជ្ញាធរតាមបណ្តាខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវចាត់វិធានការទៅលើពួកគេផងដែរ៕
ប្រភព ៖ VOD និង Fresh News