កូវីដ១៩៖ យួនរកឃើញអ្នកឆ្លងថ្មី៣០នាក់ និងស្លាប់កើន១០នាក់

ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​វៀតណាម​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា មន្ត្រី​ជំនាញ​វៀតណាម​បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​​១៩ ម្នាក់​ទៀត​បាន​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១០​នាក់ គិត​ត្រឹម​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​០៦ សីហា​នេះ ។​

​បើ​តាម​ប្រភព​ដដែល ក្រៅពី​អ្នក​ស្លាប់​កើនឡើង​ម្នាក់ អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ថ្មី ក៍​ត្រូវ​បាន​រក​ឃើញ​ចំនួន​៣០​នាក់​បន្ថែម​ទៀត ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​៧៤៧​នាក់ ក្នុងនោះជាសះស្បើយ ៣៩២នាក់។​

​ដោយឡែក​ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​បាន​ហក់​ឡើង​លេខ​១​នៅ​អាស៊ាន​ឈរ​ពីលើ​ឥណ្ឌូ​នេ​ស៊ី​ហើយ បន្ទាប់​ពី​ថ្ងៃនេះ រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៣៥៦១​នាក់ និង​អ្នក​ស្លាប់​២៨​នាក់ ។ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ហ្វី​លី​ពី​ន​គិត​ត្រឹម​វេលា​ខាងលើ​នេះ​ដែរ គឺ ១១៩,៤៦០​នាក់ ស្លាប់​សរុប ២១៥០​នាក់ ឯ​ឥណ្ឌូ​នេ​ស៊ី​ដែល​ឈរ​លេខ​២ គឺ​ថ្ងៃនេះ​រក​ឃើញ​អ្នក​ឆ្លង​១៨៨២​នាក់ ស្លាប់​៦៩​នាក់ ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​កើន​ដល់ ១១៨,៧៥៣​នាក់ និង​ស្លាប់​សរុប ៥៥២១​នាក់ ៕