អ្នកទាមទារឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវចាប់ខ្លួន៤នាក់

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​សកម្មជន​បក្ស​ប្រឆាំង និយាយ​ថា សកម្មជន​៤​នាក់​ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ក្រោយ​ពី​មានការ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុ​ង ឈុ​ន​។​

​លោក​មេធាវី សំ សុ​គង់ ប្រាប់​VOD​នៅ​ថ្ងៃនេះ​ថា លោក អ៊ុ​ក សំ​អូន អ្នកស្រី ឈិ​ន សុ វ​ណ្ណា លោក ឈួ ផេង និង​លោក ជុំ ពុ​ទ្ធី ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បន្តបន្ទាប់​គឺ​ថ្ងៃ​ទី​៤ ទី​៥ និង​ទី​៦ ខែសីហា​នេះ​។​

​មេធាវី​រូប​នេះ​អះអាង​ថា តាម​ក្រុម​គ្រួសារ​សកម្មជន ការ​ចាប់ខ្លួន​ធ្វើ​ឡើង​ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខណៈ​ពួក​គេ​ព្យាយាម​ជួប​ព្រះសង្ឃ​៨​អង្គ​ដែល​អាជ្ញាធរ​នាំ​ព្រះ​កាយ​មក​វត្តថា​ន់​ឱ្យ​ចុះ​កិច្ចសន្យា​ឈប់​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​។​

​លោក​ថា​៖ «​គាត់​ចេះ​តែ​ឈឺឆ្អាល​រឿង​សង្គម ឱ្យ​តែ​មានការ​ចាប់ខ្លួន​ឬ​ក៏​មាន​បាតុកម្ម​ទាមទារ គាត់​តែងតែ​ចូលរួម អ៊ីចឹង​ហើយ​បាន​មានការ​ចាប់ខ្លួន​ពី​អាជ្ញាធរ​នៅ​ពេល​នេះ​»​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេ​ត និយាយ​ថា ជនសង្ស័យ​៤​នាក់​ដែល​បាន​ចាប់ខ្លួន ពីរ​នាក់​ត្រូវ​អប់រំ​និង​ពីរ​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។​

​លោក ស ថេ​ត ឱ្យ​ដឹង​ដែរ​ថា ពីរ​នាក់​ដែល​រង​ការ​ចោទ​នោះ​មាន​លោក ឈួ ផេង និង​លោក ជុំ ពុ​ទ្ធី ចូល​ក្នុង​បទល្មើស​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​។​

​លោក​ថា​៖ «​ហេតុ​អី​បាន​ចោទ​អ៊ីចឹង ព្រោះ​អី​ពួក​គាត់​ពីរ​នាក់​នេះ​បាន​ទទួល​ផែនការ​យ៉ាង​ច្បាស់លាស់​ពី​ថ្នាក់ដឹកនាំ​របស់​គាត់ ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ ឱ្យ​ប្រមូលផ្តុំ​កម្លាំង​របស់​ពួក​គាត់​នៅ​តាម​សង្កាត់ ១​សង្កាត់​៣​នាក់ ដើម្បី​តវ៉ា​សុំ​ឱ្យ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​»​។​

​ភរិយា​លោក ឈួ ផេង គឺ​អ្នកស្រី ដុស គី​ម​ទៀង អះអាង​ថា ប្តី​គាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទប្រកាន់​ទេ ដោយ​អះអាង​ថា ច្រើន​ឆ្នាំ​មកនេះ ប្តី​អ្នកស្រី​រកស៊ី​ធម្មតា​មិន​បាន​ធ្វើ​នយោបាយ​អ្វី​ឡើយ​។​

​អ្នកស្រី​ថា​៖ «​ខ្ញុំ​សុំ​ណូ​ម​ពរ​ឱ្យ​ដោះ​លែង​ប្តី​ខ្ញុំ​មក​វិញ​មក ព្រោះ​អី​ប្តី​ខ្ញុំ​អត់​មាន​កំហុស​អី​ទេ គាត់​ជា​បង្គោលគ្រួសារ​មួយ​។ ដូច​ដឹង​អ៊ីចឹង ខ្ញុំ​ដូច​នៅ​កណ្តាលទន្លេ​អ៊ីចឹង​»​។​

​ស្ត្រី​អាយុ​៤២​ឆ្នាំ​រូប​នេះ អះអាង​ថា គាត់​មានកូន​ស្រី​៣​នាក់ ម្នាក់​ទើបនឹង​រៀន​ចប់​មហាវិទ្យាល័យ ម្នាក់​រៀន​ឆ្នាំ​ទី​១ និង​ម្នាក់​ទៀត​រៀន​ថ្នាក់​ទី​៥​។​

​កូនលោក ជុំ ពុ​ទ្ធី គឺ​លោក ជុំ ពុទ្ធោ អាយុ​១៩​ឆ្នាំ ដែល​អះអាង​ថា​មាន​បងប្អូន​៦​នាក់ ក៏​ទទូច​ឱ្យ​ដោះ​លែង​ឱ​ពុក​ដែរ ដោយ​ថា ឱ​ពុក​ខ្លួន​មិន​បាន​មាន​សកម្មភាព​នយោបាយ​អ្វី​ទេ ប្រកប​មុខរបរ​រត់​កង់​បី​ច្រើន​ឆ្នាំ​មក​ហើយ​។​

​អ្នក​ស្រាវជ្រាវ​សង្គម លោក​បណ្ឌិត សេង សារី និយាយ​ថា វិធានការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី ជា​បន្តបន្ទាប់ ជា​សញ្ញា​ព្រួយបារម្ភ​មួយ ខណៈ​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ដោយសារ​កូ​វី​ដ​១៩ បញ្ហា​ព្រំដែន និង​វិបត្តិ​នយោបាយ​អូស​បន្លាយ​។​

​លោក​ថា​៖ «​នៅ​ពេល​ដែល​បញ្ហា​កើតឡើង​ផ្ទួន​ៗ ហើយ​រដ្ឋាភិបាល​មិន​ប្រើ​យន្តការ​ដោះស្រាយ បែរជា​ចាប់ចង​បន្ថែម​បញ្ហា​បែប​នេះ​ទៀត ខ្ញុំ​មើលឃើញ​វិបត្តិ​សង្គម​វា​នឹង​កើតឡើង​ហើយ​វិបត្តិ​ផ្លូវចិត្ត​របស់​សង្គម​ក៏​ជា​វិបត្តិ​មួយ​ដែរ »​។​

​លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា​។ មួយ​ថ្ងៃ​បន្ទាប់ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន ចោទ​ពី​បទ​ញុះញង់​ធ្វើ​ឱ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ៍​។​

​ការ​ចាប់​ឃុំខ្លួន​លោក រ៉ុ​ង ឈុ​ន​ ​ក្រោយ​ពី​គាត់​ចុះ​ជួប​ពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្រោយមក លោក​បង្ហាញ​របាយការណ៍​មួយ​ថា ពលរដ្ឋ​១០៦​គ្រួសារ​នៅ​ខេត្ត​ជាប់​ព្រំដែន​នោះ​ប្រឈម​នឹង​បាត់ដី​សម្រាប់​អាស្រ័យ​ផល ដោយសារ​វៀតណាម​បោះបង្គោល​ឡាក់​ព្រំដែន​លេខ​១១៤​និង​១១៩ ចូល​ដី​ខ្មែរ​ប្រមាណ​ជា​៥០០​ម៉ែត្រ​។​

​យ៉ាងណា កាលពី​ស​ប្តា​ហ៍​មុន អង្គការ​សមាគម​១១៤​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ចាត់​ទុក​ការ​ចាប់ខ្លួន​និង​ចោទប្រកាន់​លោក រ៉ុ​ង ឈុ​ន ថា​ជា​ការ​រំលោភសិទ្ធិ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​និង​ទាមទារ​ឱ្យ​ដោះ​លែង​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃ​ទី​៤ តាម​រយៈ​សេចក្តីថ្លែងការណ៍​ទាមទារ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក រ៉ុ​ង ឈុ​ន ជា​បន្ទាន់ ដោយ​ចាត់​ទុក​ការ​ចោទប្រកាន់​នោះ​ថា «​ចោទប្រកាន់​បែប​ប្រឌិត​»​។​

​ក្រសួងយុត្តិធម៌ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដោះ​លែង លោក រ៉ុ​ង ឈុ​ន ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​មុន​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ផ្លូវច្បាប់​លើ​ពួក​គេ​។​

​ការ​អំពាវនាវ​របស់​ក្រសួងយុត្តិធម៌ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មនុស្ស​មួយ​ក្រុម​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ប្រមូល និង​ដើរ​ក្បួន​តាម​ដង​វិ​ថី​ជាដើម​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ ក្រសួងយុត្តិធម៌​បាន​គូសបញ្ជាក់​ថា សកម្មភាព​ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​នៅ​ខាង​មុខ សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​តុលាការ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន ពុំ​មែន​ជា​ទ​ង្វើ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ទ​ង្វើ​នេះ ជា​ការ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា ៥២២ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួងយុត្តិធម៌​បន្ថែម​ថា ក្នុង​សង្គម​នីតិរដ្ឋ ការ​ការពារ​ខ្លួន​ពី​ការ​ចោទប្រកាន់​អំពី​បទល្មើស​ណាមួយ​របស់​អង្គ​អយ្យការ ត្រូវធ្វើ​ឡើង​តាម​ផ្លូវច្បាប់​នៅ​ចំពោះ​មុខ​តុលាការ​។ ក្នុង​ន័យ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ុ​ង ឈុ​ន មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ស្វែងរក និង​ពឹងពាក់​មេធាវី​ពូកែ​ៗ មួយ​រូប ឬ​ច្រើន​រូប ដើម្បី​ការពារ​សុចរិត​ភាព និង​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​តាម​ផ្លូវច្បាប់ ស្រប​តាម នីតិវិធី​ជា​ធរមាន​នៅ​ចំពោះ​មុខ​ស្ថាប័ន​តុលាការ​។​

​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​តវ៉ា​របស់​មនុស្ស​មួយ​ក្រុម​នេះ សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​តាម​បណ្តា​ខណ្ឌ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចាត់វិធានការ​ទៅ​លើ​ពួក​គេ​ផង​ដែរ​៕

​ប្រភព ៖ VOD និង Fresh News