ព័ត៌មានបឋមបានឲ្យដឹងថា ភ្លៀងលាយឡំនិងខ្យល់បោកបក់ផងនោះ បានបណ្តាលឲ្យដើមឈើធំមួយដើមស្ថិតក្នុងបរិវេណស្ថានទូតបារាំងប្រចាំកម្ពុជា បានរលំបាក់ចេញមកខាងក្រៅសង្កត់រថយន្ត២គ្រឿង ដែលកំពុងធ្វើដំណើរលើផ្លូវព្រះមុនីវង្ស ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី០៦ សីហា ២០២០នេះ ។
នៅពេលនេះ មន្ត្រីសាលារាជធានីភ្នំពេញ និង មន្ត្រីស្ថានទូតកំពុងរួមគ្នាកាប់លាស់យកដើមឈើចេញពីទ្រូងផ្លូវព្រះមុនីវង្សមុខស្ថានទូតបារាំងក្បែរមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ មិនទាន់មានរបាយការណ៍លម្អិត ពិសេសការរងរបួស ឬ ស្លាប់មនុស្ស ពីសំណាក់អាជ្ញាធរនៅឡើយទេ ។
កន្លងមក គេសង្កេតឃើញថា មានដើមឈើមួយចំនួនក្នុងរាជធានីភ្នំពេញបានរលំបាក់សង្កត់រថយន្តពលរដ្ឋទាំងកំពុងធ្វើដំណើរ ឬ ចតស្ងៀម អំឡុងពេលមានភ្លៀងខ្យល់ម្តងៗ ប៉ុន្តែមិនដឹងថា ករណីបែបនេះ ខាងភាគីសាលារាជធានីភ្នំពេញជាអ្នកចេញសង ឬ ក៍យ៉ាងណានោះទេ ប៉ុន្តែឃើញតែពលរដ្ឋរងគ្រោះខ្លះរអ៊ូរទាំរឿងសំណង ។
ផ្ទុយទៅវិញ ប្រសិនបើពលរដ្ឋណា កាប់មែក ឬដើមឈើដែលមានវ័យចំណាស់ដែលងាយផ្តល់ហានិភ័យនៅមុខផ្ទះរបស់ខ្លួន គឺគេឃើញមន្ត្រីសាលារាជធានីភ្នំពេញមកទារលុយពីអ្នកកាប់ជាច្រើនលានរៀលនោះផងដែរ តែបើរលំបាក់គឺស្ងាត់ឈឹង ។
ករណីខាងលើ ទំនងជាភាគីស្ថានទូតបារាំងជាអ្នកចេញសង ព្រោះបារាំងខុសពីខ្មែរមួយចំនួនតូច គេធ្វើការមានការទទួលខុសត្រូវ ។ យ៉ាងណា នៅល្ងាចថ្ងៃព្រហស្បត៍ដដែល«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេ ជុំវិញហេតុការណ៍ខាងលើនេះ ៕