ខ្លាំងមែន ! ទូកនេសាទយួនចូលខុសច្បាប់ហើយ បុកទូកខ្មែរលិច២

ទូក​នេសាទ​ខ្មែរ​ចំនួន​២​គ្រឿង ត្រូវ​បាន​គេ​អះអាង​ថា បាន​លិច​ដោយសារ​ទូក​នេសាទ​ជនជាតិ​វៀតណាម​បុក ។​

​យ៉ាងណា ប្រភព​មិន​បាន​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​ពី​ពេល​ណា មាន​អ្នក​ស្លាប់ ឬ​របួស និង​នៅ​ទីតាំង​ណា​ពិតប្រាកដ​នោះ​ទេ គ្រាន់តែ​ប្រភព​ដែល​ស្រង់​សម្តី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គឺ​បញ្ជាក់​ថា បាន​កើតឡើង​នៅ​លើ​ទឹកដី​នៃ​ខេត្តកំពត ។​

​បើ​តាម​គណនី​ឈ្មោះ គួ​ន សំបូរ ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០៥ សីហា​ម្សិលមិញ ហើយ​ដែល​អះអាង​ថា​ខ្លួន​បាន​ទទួល​ព័ត៌មាន​ខាងលើ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជាក់​ទៀត​ថា ទូក​នេសាទ​យួន​ដែល​បើក​បំ​បុក​ទូក​នេសាទ​ខ្មែរ​២​គ្រឿង បណ្តាល​ឲ្យ​លិច​នោះ គឺ​បាន​ចូល​មក​ក្នុង​ដែនទឹក​របស់​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។​

​ពាក់​ព័​ន្ឋ​នឹង​ព័ត៌មាន​ខាងលើ​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​០៦ សីហា ២០២០​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ ក៍​ដូច​ជា​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ។​

​សូម​បញ្ជាក់​ថា ជា​រឿយ​ៗ យើង​តែង​ឃើញ​មានការ​ចុះ​ផ្សាយ​អំពី​ករណី​ទូក​នេសាទ​ជនជាតិ​វៀតណាម​រំលោភ​បំពាន​ចូល​មក​ដែនទឹក​ប្រៃ​កម្ពុជា និង​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ បណ្តាល​ឲ្យ​ស្ទើរ​ហិនហោច​ធនធាន​មច្ឆជាតិ ដោយ​មិន​មាន​សមត្ថកិច្ច​ខាង​ណា​ទប់ស្កាត់​បាន​ឡើយ ។​

​តាម​ប្រភព​ខ្លះ​ថា ការណ៍​ដែល​ទូក​នេសាទ​ជនជាតិ​វៀតណាម​ចូល​មក​រំលោភ​ដែនទឹក​កម្ពុជា​និង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បាន​ដោយសារ​តែ​ពួក​គេ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​កម្ពុជា​ជា​ថ្នូរ​នឹង​ការ​ចូល​មក​នេសាទ ។ ក្រៅពី​ជនជាតិ​វៀតណាម ប្រភព​ខ្លះ​ថា ក៍​មាន​ជនជាតិ​ថៃ​បាន​រំលោភ​ចូល​ដែនទឹក​ខ្មែរ​និង​នេសាទ​នោះ​ផង​ដែរ នៅ​តំបន់​ព្រំ​ដែនទឹក​ក្នុង​ខេត្តកោះកុង ។

នៅ​កម្ពុជា​គេ​អាច​ឃើញ ជនជាតិ​វៀតណាម​ចូល​មក​នេសាទ​និង​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ដែនទឹក​ខ្មែរ​បាន ប៉ុន្តែ​បើ​នៅ​ឥណ្ឌូ​នេ​ស៊ី ឬ ហ្វី​លី​ពី​ន ជនជាតិ​វៀតណាម​ដែល​រំលោភ​ដែនទឹក​ចូល​ទៅ​នេសាទ​ខុសច្បាប់​នោះ តាម​ព័ត៌មាន​កន្លង​មក ពួក​គេ​ច្រើន​តែ​ជួប​ភ័ព្វសំណាង​អាក្រក់ ដោយ​ត្រូវ​កងកម្លាំង​ឥណ្ឌូ​នេ​ស៊ី ឬ ហ្វី​លី​ពី​ន បាញ់​កម្ទេច​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​និង​ចាប់ខ្លួន​ជា​រឿយ​ៗ​ផង​ដែរ ៕