នៅតាមផ្លូវនិងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញកាលពីល្ងាចម្សិលមិញនេះ បានរងការជន់លិចដោយសារទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋខ្លះបានបន្តទម្លាក់កំហុសនេះទៅលើអាជ្ញាធរដែលអនុញ្ញាតឲ្យមានការលុបបឹងជាកន្លែងស្តុកទឹកសម្អុយ ដើម្បីយកដីធ្វើការអភិវឌ្ឍ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់មិញនិងបន្តមកដល់ព្រឹកថ្ងៃសុក្រនេះ គេឃើញមានការស្តីបន្ទោសរហូតដល់វាយតម្លៃពីតួនាទីសមត្ថភាពរបស់តំណាងរាស្ត្រទាំងអស់របស់បក្សកាន់អំណាច(គណបក្សប្រជាជនកម្ពុជា)របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ ។
គណនីហ្វេសប៊ុកឈ្មោះ Tara Om បានស្នើដល់អ្នករស់នៅក្នុងរាជធានីភ្នំពេញដែលរងការជន់លិចទឹកភ្លៀងនាំគ្នាហៅតំណាងរាស្ត្រ១២៥រូបសួរ គណនីដដែលបានសរសេរបង្ហោះយ៉ាងដូច្នេះ«អ្នកលិចទឹកភ្លៀងនាំគ្នាហៅតំណាងរាស្ត្រ១២៥កៅអីនោះសួរទៅ ព្រោះពួកគាត់ហ្នឹងហើយដែលអត់ដែលទើសរឿងអី។»។
ចំណែកខ្លះទៀតបានសរសេរបង្ហោះថា«ដើម្បីការអភិវឌ្ឍន៍ ប្រកបដោយភាពឈ្លាសវៃ ទ្រាំៗអ្នកភ្នំពេញ….» ជាដើម ។
បើទោះបីថា មានការរិះគន់ជារឿយៗនៅពេលមានការជន់លិចដោយសារទឹកភ្លៀងយ៉ាងណាក្តី ក៍គេសង្កេតឃើញមន្ត្រីអាជ្ញាធរតែងឆ្លើយបន្ទោសទៅលើមេឃ(ភ្លៀងខ្លាំង) លូហូរមិនទាន់ ពលរដ្ឋយកសំរាមដាក់មាត់លួ នៅស្រុកគេក៍លិចដែរ មិនមានតែខ្មែរនោះទេ និងថាការអភិវឌ្ឍតែងរងការប៉ះពាល់យ៉ាងដូច្នេះជៀសមិនផុត..។
បើតាមមន្ត្រីជំនាញសាលារាជធានីភ្នំពេញបានឲ្យដឹងថា គិតពីឆ្នាំ២០០១មក ជប៉ុនបានផ្តល់ជំនួយឥតសំណងតាមរយៈអង្គការ JICA បានជួយលើការកែលំអរការការពារទឹកជំនន់ ដល់រាជធានីភ្នំពេញ តាំងពីជំហ៊ានទី១ ដល់ជំហ៊ានទី៤ ដែលកំពុងដំណើរការ នាពេលនេះ ដែលតាមរយៈការកែលំអរប្រពន្ធ័លូជាបន្តបន្ទាប់នេះ អាជ្ញាធររាជធានីភ្នំពេញ បានពិនិត្យឃើញថា ភូមិសាស្ត្រជាច្រើន ក្នុងទីក្រុងដែលធ្លាប់តែលិចខ្លាំង បានកាត់បន្ថយមកលិចឆាប់ស្រក ជាពិសេសក្នុងភូមិសាស្ត្រ ខណ្ឌ៤ នៅកណ្តាលក្រុង។ អាជ្ញាធរសង្ឃឹមថា នៅក្រោយឆ្នាំ២០២១ ភូមិសាស្ត្រកណ្តាលក្រុងភ្នំពេញ នឹងលែងលិចដោយជំនន់ទឹកភ្លៀងទៀតហើយ ។
យ៉ាងណាក្តី ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញមួយចំនួននិងមជ្ឈដ្ឋានខ្លះ បានស្តីបន្ទោសពីការជន់លិចទឹកភ្លៀងដោយសារអាជ្ញាធរអនុញ្ញាតឲ្យឈ្មួញក្រោមការវិនិយោគ ឬ ជួល ដោយការចាក់ដីលុបបឹងដែលជាអាងស្តុកទឹកសម្អុយដ៍ធំសម្រាប់ការពារទឹកជំនន់ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ បឹងប៉ាយ៉ាប និងកំពុងលុបបឹងដ៍ធំមួយទៀតដែលចាត់ទុកជាបឹងចុងក្រោយនោះគឺបឹងតាមោក ៕