ដំបូលព្រះស្តូបអតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម ដែលជាព្រះសុវណ្ណកោដ្ឋនៃព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រខ្មែរកំពុងគ្រងរាជ្យបច្ចុប្បន្ន បានត្រូវខ្យល់កួចបណ្តាលបែកបាក់ធ្លាក់មកដី ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីខុទ្ទកាល័យព្រះបរមរាជវាំង ជុំវិញការបែកបាក់ដំបូលព្រះស្តូបព្រះនរោត្តម ដោយសារខ្យល់បោកបក់ ក្នុងព្រះបរមរាជវាំងកាលពីល្ងាចថ្ងៃព្រហស្បត៍ម្សិលមិញនេះ ។
ពលរដ្ឋខ្មែរដែលប្រកាន់ជំនឿតាំងពីបរមបុរាណមក ខ្លះបានចាត់ទុកថា ឧបទ្ទវហេតុ ឬ ហេតុការណ៍នេះ ជាប្រផ្នូលមិនសូវល្អប៉ុន្មានទេសម្រាប់ព្រះនគរទាំងមូល ។ យ៉ាងណា គ្រាន់តែជាជំនឿរបស់ខ្មែរមួយចំនួនតែប៉ុណ្ណោះ ។
ព្រះបាទនរោត្តម (១៨៣៤–១៩០៤) សោយរាជ្យជាស្តេចនៃ ព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៨៥៩ ដល់ឆ្នាំ ១៩០៤។ ទ្រង់ជាព្រះរាជបុត្រច្បងនៃសម្ដេចព្រះអង្គឌួង ហើយជាព្រះរៀមនៃ ព្រះអង្គម្ចាស់ស៊ីវត្ថា និង ព្រះបាទស៊ីសុវត្ថិ ដែលឡើងសោយរាជ្យបន្តពីព្រះអង្គ។ នរោត្តម ជាពាក្យមកពីភាសាបាលី សំស្ត្រឹត កើតចេញពីពាក្យ នរ ប្រែថា មនុស្ស/បុរស និង ឧត្តម ប្រែថាកំពូល ខ្ពង់ខ្ពស់ មានន័យ កំពូលបុរស ឬកំពូលមនុស្ស។ ព្រះបាទនរោត្តមត្រូវបានគេចាត់ទុកថាជាស្តេចខ្មែរទី១នៃសម័យខ្មែរទំនើបក្រោមអាណានិគមនិយមបារាំង។ ទ្រង់ត្រូវបានគេស្គាល់ច្បាស់ដោយសារការការពារប្រទេសកម្ពុជាកុំឲ្យបាត់បង់ទៅក្នុងការដណ្ដើមគ្នារវាងប្រទេសសៀម និងយួន។ នៅឆ្នាំ១៨៦៣ ដើម្បីរារាំងប្រទេសជិតខាងដ៏ខ្លាំងទាំងពីរ គឺយួន និងសៀម កុំឲ្យលេបយកទឹកដីកម្ពុជាបាន ទ្រង់បានអញ្ជើញបារាំងឲ្យមកធ្វើជាអាណាព្យាបាលប្រទេសកម្ពុជា ៕