អ្នកភ្នំពេញដែលរងការលិចលង់នៅតែខឹងរឿងលុបបឹង

នៅ​តាម​ផ្លូវ​និង​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាចម្សិលមិញ​នេះ បាន​រង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លះ​បាន​បន្ត​ទម្លាក់​កំហុស​នេះ​ទៅ​លើ​អាជ្ញាធរ​ដែល​អនុញ្ញាត​ឲ្យ​មានការ​លុប​បឹង​ជា​កន្លែង​ស្តុក​ទឹក​សម្អុយ ដើម្បី​យក​ដី​ធ្វើការ​អភិវឌ្ឍ ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់មិញ​និង​បន្ត​មក​ដល់​ព្រឹក​ថ្ងៃ​សុក្រ​នេះ គេ​ឃើញ​មានការ​ស្តីបន្ទោស​រហូត​ដល់​វាយតម្លៃ​ពី​តួនាទី​សមត្ថភាព​របស់​តំណាងរាស្ត្រ​ទាំងអស់​របស់​បក្ស​កាន់​អំណាច​(​គណបក្ស​ប្រជាជន​កម្ពុជា​)​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​ដែរ ។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tara Om បាន​ស្នើ​ដល់​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​រង​ការ​ជន់​លិច​ទឹកភ្លៀង​នាំ​គ្នា​ហៅ​តំណាងរាស្ត្រ​១២៥​រូប​សួរ គណនី​ដដែល​បាន​សរសេរ​បង្ហោះ​យ៉ាង​ដូច្នេះ​«​អ្នក​លិច​ទឹកភ្លៀង​នាំ​គ្នា​ហៅ​តំណាងរាស្ត្រ​១២៥​កៅអី​នោះ​សួរ​ទៅ ព្រោះ​ពួក​គាត់​ហ្នឹងហើយ​ដែល​អត់​ដែល​ទើស​រឿង​អី​។​»​។​

​ចំណែក​ខ្លះ​ទៀត​បាន​សរសេរ​បង្ហោះ​ថា​«​ដើម្បី​ការ​អភិវឌ្ឍន៍ ប្រកបដោយ​ភាព​ឈ្លាសវៃ ទ្រាំ​ៗ​អ្នក​ភ្នំពេញ​….» ជាដើម ។​

​បើ​ទោះបី​ថា មានការ​រិះគន់​ជា​រឿយ​ៗ​នៅ​ពេល​មានការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង​យ៉ាងណា​ក្តី ក៍​គេ​សង្កេត​ឃើញ​មន្ត្រី​អាជ្ញាធរ​តែង​ឆ្លើយ​បន្ទោស​ទៅ​លើ​មេឃ​(​ភ្លៀង​ខ្លាំង​) លូ​ហូរ​មិន​ទាន់ ពលរដ្ឋ​យក​សំរាម​ដាក់​មាត់​លួ នៅ​ស្រុក​គេ​ក៍​លិច​ដែរ មិន​មាន​តែ​ខ្មែរ​នោះ​ទេ និង​ថា​ការ​អភិវឌ្ឍ​តែង​រង​ការ​ប៉ះពាល់​យ៉ាង​ដូច្នេះ​ជៀស​មិន​ផុត​..​។​

​បើ​តាម​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គិត​ពី​ឆ្នាំ​២០០១​មក ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​តាម​រយៈ​អង្គការ JICA បាន​ជួយ​លើ​ការ​កែ​លំអ​រការ​ការពារ​ទឹកជំនន់ ដល់​រាជធានី​ភ្នំពេញ តាំងពី​ជំ​ហ៊ាន​ទី​១ ដល់​ជំ​ហ៊ាន​ទី​៤ ដែល​កំពុង​ដំណើរការ នា​ពេល​នេះ ដែល​តាម​រយៈ​ការ​កែ​លំអរ​ប្រ​ព​ន្ធ័​លូ​ជា​បន្តបន្ទាប់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​ឃើញ​ថា ភូមិសាស្ត្រ​ជា​ច្រើន ក្នុង​ទីក្រុង​ដែល​ធ្លាប់តែ​លិច​ខ្លាំង បាន​កាត់​បន្ថយ​មក​លិច​ឆាប់​ស្រក ជា​ពិសេស​ក្នុងភូមិ​សាស្ត្រ ខណ្ឌ​៤ នៅ​កណ្តាល​ក្រុង​។ អាជ្ញាធរ​សង្ឃឹមថា នៅ​ក្រោយ​ឆ្នាំ​២០២១ ភូមិសាស្ត្រ​កណ្តាល​ក្រុងភ្នំពេញ នឹង​លែង​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ទៀត​ហើយ ។​

​យ៉ាងណា​ក្តី ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ចំនួន​និង​មជ្ឈដ្ឋាន​ខ្លះ បាន​ស្តីបន្ទោស​ពី​ការ​ជន់​លិច​ទឹកភ្លៀង​ដោយសារ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ក្រោម​ការ​វិនិយោគ ឬ ជួល ដោយ​ការ​ចាក់​ដី​លុប​បឹង​ដែល​ជា​អាង​ស្តុក​ទឹក​សម្អុយ​ដ៍​ធំ​សម្រាប់​ការពារ​ទឹកជំនន់​ដូច​ជា​បឹង​កក់ បឹង​ទំពុន បឹង​ពោងពាយ បឹង​ប៉ា​យ៉ាប និង​កំពុង​លុប​បឹង​ដ៍​ធំ​មួយទៀត​ដែល​ចាត់ទុកជា​បឹង​ចុង​ក្រោយ​នោះ​គឺ​បឹង​តា​មោក ៕