ទីបំផុតទៅអ្នករថយន្ត Land Cruiser ដែលត្រូវបានគេឃើញ(វីដេអូឃ្លីប)បើកដេញបំបុករថយន្ត Prius កាលពីយប់ថ្ងៃទី២០ កក្កដាកន្លងទៅ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ជនសង្ស័យឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវ ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក ។
នេះបើយោងតាមគណនីហ្វេសប៊ុកផេកឈ្មោះ Pheng Vannak News ដែលគេស្គាល់ថាជារបស់លោក ផែង វណ្ណៈ អ្នកកាសែតហ្វេសប៊ុកនិងជាអ្នកធ្វើអត្ថាធិប្បាយរិះគន់មិនសំចៃមាត់នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ ។
លោក ផែង វណ្ណៈ បានសរសេរនៅលើផេករបស់ខ្លួនដោយបញ្ជាក់យ៉ាងដូច្នេះ«
ស្គាល់ម្ចាស់រថយន្ត Land Cruiser បេីកឡានដេញបុករថយន្ត Prius ដូចសត្វធាតុហើយគាត់មានឈ្មោះ ញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវ ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក ។
គាត់ជាអ្នកមានលុយជិះឡានបង់រំលស់អីចឹងតើបានចរិតសាហាវណាស់ ។ ចាំមើល ឯកឧត្តម លោកជំទាវ ណាខ្លះ ចេញមុខកាងជនពាលរូបនេះ ? បើផែង វណ្ណៈ ស៊ើបដឹងថា មានឯកឧត្តមណាកាងឬអន្តរាគមន៍ ករណីនេះ ខ្ញុំនឹងមិនទុកមុខអោយទេប្រាប់មុនអោយហើយ ។ សូមកុំកាងមនុស្សពាល» ។
បើតាមលោក ផែង វណ្ណៈ ដដែល រថយន្ដ Land Cruiser ដែលពាក់ស្លាកលេខ ភ្នំពេញ 2AW-2099 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុន លី ហួរ លីស៉ីង ភីអិលស៊ី ស្ថិតនៅផ្ទះលេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ រាជធានី ។
ចំណែកម្ចាស់រថយន្ដ Prius ជាអ្នករត់តាក់ស៉ីពេលរាត្រី ដែលត្រូវអ្នកបើករថយន្ដ Land Cruiser ពាក់ផ្លាកលេខភ្នំពេញ 2AW-2099 ដេញបុកទាំងកម្រោលយ៉ាងរន្ធត់នោះ បានសម្រេចដាក់ពាក្យ បណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយប្ដឹងពីបទ «ប៉ុនប៉ងឃាតកម្ម និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស»។
បើតាមពាក្យបណ្ដឹងរបស់ម្ចាស់រថយន្ត Prius ដែលអះអាងថាខ្លួនជាជនរងគ្រោះ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ឈ្មោះ ផន សុភ័ក្ដ្រ បានដាក់ពាក្យប្ដឹងឈ្មោះ ញ៉ សុខហេង មានទីលំនៅផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយបើករថយន្ដដេញបុករបស់ខ្លួន កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។
ក្នុងពាក្យបណ្ដឹងក្រៅពីសុំឲ្យសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ហើយនោះ ជនរងគ្រោះ ផន សុភ័ក្ដ្រ បានសំណូមពរទាមទារសំណងខូចខាតរថយន្ដ ចំនួន១២,០០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន៣០,០០០ដុល្លារ។
បើតាមលោក ផន សុភ័ក្ត្រ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោកត្រូវបាននារីម្នាក់ហៅទៅដឹកនៅក្បែរហាងសាច់គោអាំង «ហេងហេង» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥៩០ សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក។ ពេលលោកបើកទៅដល់ក្បែរហាងចម្ងាយប្រហែល២០ម៉ែត្រ ដើម្បីរង់ចាំពីនារីម្នាក់នោះ ក៏ត្រូវបាននាងប្រាប់ថា ចេញមិនរួចដោយត្រូវបានគេចាក់សោរជាប់ ហើយលោកក៏រៀបចំបើករថយន្ដចេញ។ ភ្លាមៗនោះ ស្រាប់តែអ្នកបើករថយន្ដ Land Cruiserខាងលើ មកបុកចំពីមុខលាន់យ៉ាងខ្លាំង។ ភ្លាមនោះលោកបានបើករថយន្ដរត់ ប៉ុន្ដែត្រូវជនបង្កបើកដេញតាមទៅបុកមួយតង់ទៀត បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងធ្ងន់ធ្ងរ រហូតរថយន្ដបង្កជ្រុះផ្លាកលេខនៅកន្លែងកើតហេតុទៀតផង។
អ្វីដែលជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃកើតហេតុរហូតមកទឹល់នឹងព្រឹកថ្ងៃទី០៨ សីហា ២០២០នេះ មានរយៈពេលជាង១៩ថ្ងៃមកហើយ ជនបង្កមិនទាន់ត្រូវបានចូលខ្លួនមកដោះស្រាយ ទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយនោះទេ។
ចាំមើលសំណុំរឿងមួយនេះ នឹងមានឯកឧត្តម លោកជំទាវ ឬ លោកឧកញ៉ាណាហ៊ានចេញមុខអន្តរាគមន៍ ឬកាង ខណៈលោក ផែង វណ្ណៈ ដែលធ្លាប់ជាប់ពន្ឋនាគារ ព្រមានជាមុនហើយនោះ និងតើសំណុំរឿងខាងលើនេះ ជនសង្ស័យមានវាសនាជាប់ពន្ឋនាគារ និងសងសំណងដល់ជនរងគ្រោះដែរឬទេ ?៕