ខ្លាំងប៉ះខ្លាំង! ផែង វណ្ណៈ ព្រមានអ្នកកាងថៅកែហាងសាច់អាំង ហេង ហេង

ទីបំផុត​ទៅ​អ្នក​រថយន្ត Land Cruiser ដែល​ត្រូវ​បាន​គេ​ឃើញ​(​វី​ដេ​អូ​ឃ្លី​ប​)​បើ​ក​ដេញ​បំ​បុក​រថយន្ត Prius កាលពី​យប់​ថ្ងៃ​ទី​២០ កក្កដា​កន្លង​ទៅ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ជនសង្ស័យ​ឈ្មោះ ញ៉ សុខ​ហេង ជា​ថៅកែ​ហាង​សាច់​អាំង ហេង ហេង នៅ​ផ្លូវ ៥៩០ សង្កាត់​បឹង​កក់ ២ ខណ្ឌ ទួល​គោក ។​

​នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ Pheng Vannak News ដែល​គេ​ស្គាល់​ថា​ជា​របស់​លោក ផែង វណ្ណៈ អ្នកកាសែត​ហ្វេ​ស​ប៊ុ​ក​និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​រិះគន់​មិន​សំចៃមាត់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

​លោក ផែង វណ្ណៈ បាន​សរសេរ​នៅ​លើ​ផេ​ក​របស់​ខ្លួន​ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​«
​ស្គាល់​ម្ចាស់​រថយន្ត Land Cruiser បេ​ី​ក​ឡាន​ដេញ​បុក​រថយន្ត Prius ដូច​សត្វ​ធាតុ​ហើ​យ​គាត់​មានឈ្មោះ ញ៉ សុខ​ហេង ជា​ថៅកែ​ហាង​សាច់​អាំង ហេង ហេង នៅ​ផ្លូវ ៥៩០ សង្កាត់​បឹង​កក់ ២ ខណ្ឌ ទួល​គោក ។​
​គាត់​ជា​អ្នកមាន​លុយ​ជិះឡាន​បង់​រំលស់​អីចឹង​តើបាន​ចរិត​សាហាវ​ណាស់ ។ ចាំ​មើ​ល ឯកឧត្តម លោក​ជំទាវ ណាខ្លះ ចេញ​មុខ​កាង​ជនពាល​រូប​នេះ ? បើផែង វណ្ណៈ ស៊ើបដឹង​ថា មាន​ឯកឧត្តម​ណា​កាង​ឬ​អន្តរាគមន៍ ករណី​នេះ ខ្ញុំ​នឹង​មិន​ទុក​មុខ​អោយ​ទេ​ប្រាប់​មុន​អោយ​ហើយ ។ សូមកុំ​កាង​មនុស្ស​ពាល​» ។​

​បើ​តាម​លោក ផែង វណ្ណៈ ដដែល រថយន្ដ Land Cruiser ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-2099 ជាក​ម្មសិ​ទ្ឋិ​របស់​ក្រុមហ៊ុន លី ហួរ លី​ស៉ី​ង ភី​អិ​ល​ស៊ី ស្ថិត​នៅផ្ទះ​លេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួល​សង្កែ សង្កាត់​ទួល​សង្កែ ១ ខណ្ឌឫស្សីកែវ រាជធានី ។​

​ចំណែក​ម្ចាស់​រថយន្ដ Prius ជា​អ្នក​រត់​តាក់​ស៉ី​ពេល​រាត្រី ដែល​ត្រូវ​អ្នក​បើករថយន្ដ Land Cruiser ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AW-2099 ដេញ​បុក​ទាំង​កម្រោល​យ៉ាង​រន្ធត់​នោះ បាន​សម្រេច​ដាក់​ពាក្យ បណ្ដឹង​ជា​ផ្លូវការ​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ប្ដឹង​ពី​បទ «​ប៉ុនប៉ង​ឃាតកម្ម និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​»​។​

​បើ​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​រថយន្ត Prius ដែល​អះអាង​ថា​ខ្លួន​ជា​ជន​រង​គ្រោះ ចុះ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២០​នេះ ឈ្មោះ ផ​ន សុ​ភ័ក្ដ្រ បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ញ៉ សុខ​ហេង មាន​ទីលំនៅ​ផ្ទះ​លេខ​២៨ ផ្លូវ​លេខ​៥៩០ ភូមិ​១០ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក្រោយ​បើករថយន្ដ​ដេញ​បុក​របស់​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​

​ក្នុង​ពាក្យបណ្ដឹង​ក្រៅពី​សុំ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ផ្លូវច្បាប់​ហើយ​នោះ ជន​រង​គ្រោះ ផ​ន សុ​ភ័ក្ដ្រ បាន​សំណូមពរ​ទាមទារ​សំណង​ខូចខាត​រថយន្ដ ចំនួន​១២,០០០​ដុល្លារ និង​សំណង​ជំងឺ​ចិត្ត ចំនួន​៣០,០០០​ដុល្លារ​។​

​បើ​តាម​លោក ផ​ន សុ​ភ័ក្ត្រ កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ លោក​ត្រូវ​បាន​នារី​ម្នាក់​ហៅ​ទៅ​ដឹក​នៅ​ក្បែរ​ហាង​សាច់​គោ​អាំង «​ហេង​ហេង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ​៥៩០ សង្កាត់​បឹង​កក់ ២ ខណ្ឌ ទួល​គោក​។ ពេល​លោក​បើក​ទៅ​ដល់​ក្បែរ​ហាង​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ ដើម្បី​រង់ចាំ​ពី​នារី​ម្នាក់​នោះ ក៏​ត្រូវ​បាន​នាង​ប្រាប់​ថា ចេញ​មិន​រួច​ដោយ​ត្រូវ​បាន​គេ​ចាក់សោរ​ជាប់ ហើយ​លោក​ក៏​រៀបចំ​បើករថយន្ដ​ចេញ​។ ភ្លាម​ៗ​នោះ ស្រាប់តែ​អ្នក​បើករថយន្ដ Land Cruiser​ខាងលើ មក​បុក​ចំ​ពីមុខ​លាន់​យ៉ាង​ខ្លាំង​។ ភ្លាម​នោះ​លោក​បាន​បើករថយន្ដ​រត់ ប៉ុន្ដែ​ត្រូវ​ជន​បង្ក​បើក​ដេញ​តាម​ទៅ​បុក​មួយ​តង់​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ រហូត​រថយន្ដ​បង្ក​ជ្រុះ​ផ្លា​ក​លេខ​នៅ​កន្លែង​កើតហេតុ​ទៀត​ផង​។​

​អ្វី​ដែល​ជា​ការ​កត់សម្គាល់ ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ទឹល់​នឹង​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ២០២០​នេះ មាន​រយៈពេល​ជាង​១៩​ថ្ងៃ​មក​ហើយ ជន​បង្ក​មិន​ទាន់​ត្រូវ​បាន​ចូលខ្លួន​មក​ដោះស្រាយ ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅឡើយ​នោះ​ទេ​។​

​ចាំ​មើល​សំណុំរឿង​មួយ​នេះ នឹង​មាន​ឯកឧត្តម លោក​ជំទាវ ឬ លោក​ឧកញ៉ា​ណា​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍ ឬ​កាង ខណៈ​លោក ផែង វណ្ណៈ ដែលធ្លាប់ជាប់ពន្ឋនាគារ ព្រមាន​ជា​មុន​ហើយ​នោះ និង​តើ​សំណុំរឿង​ខាងលើ​នេះ ជនសង្ស័យ​មាន​វាសនា​ជាប់​ព​ន្ឋ​នាគារ និង​សង​សំណង​ដល់​ជន​រង​គ្រោះ​ដែរ​ឬទេ ?​៕