សង្ស័យលោក សេង ទៀង ហត់នឿយពេកបានជាទៅកាន់តំណែងរដ្ឋលេខាធិការ ?

ជំនួយការ​ផ្ទាល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក សេង ទៀង ត្រូវ​បាន​ព្រះ​ក​រុណ ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡាយ​ព្រះ​ហ​ស្ថ​លេខា​តែងតាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/ រក​ត /០៨២០ /៨៥០ ចុះ​ថ្ងៃ​ទី​០៦ សីហា ២០២០ និង​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។​

​លោក សេង ទៀង ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​អមដំណើរ​លោក ហ៊ុន សែន ជា​ប្រចាំ ហើយ​ភាគច្រើន​គេ​ឃើញ​លោក​នាំ​យក​អំណោយ​របស់​លោក ហ៊ុន សែន ក៍​ដូច​ជា​ភរិយា ទៅ​ចែក​ជូន​ជន​ក្រីក្រ ចាស់ជរា កុមារ​កំព្រា​និង ស្ត្រី​ដែល​ឆ្លងទន្លេ​កូនភ្លោះ​បី​ជាដើម ។​

​ការ​តែងតាំង​មុខ​តំណែង​លោក សេង ទៀង ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ពេល​នេះ ត្រូវ​បាន​អ្នក​តាមដាន​សង្គម​ដាក់​ការ​សង្ស័យ​ថា លោក សេង ទៀង ទំនងជា​ហត់នឿយ​នឹង​ការងារ​ច្រើន ខណៈ​វ័យ​កាន់តែ​ចាស់ ឬ ក៍​អាច​មាន​បញ្ហា​ផ្សេង​ទៀត ព្រោះ​តាម​ការ​កត់សម្គាល់ កន្លង​មក​មាន​មន្ត្រី​មួយ​ចំនួន​នៅ​ខុទ្ទកាល័យ ឬ ស្ថិត​នៅ​ក្រុម​ជំនួយការ​ផ្ទាល់​លោក ហ៊ុន សែន គឺ​បើ​តែងតាំង​មុខ​តំណែង​ថ្មី ក៍​មុខ​តំណែង​នោះ​បន្ថែម​លើ​តួនាទី​ដែល​មាន​ស្រាប់ ដូច​ករណី​ចៅហ្វាយខេត្ត តែងតាំង​ជា​ជំនួយការ​លោក ហ៊ុន សែន បន្ថែម​លើ​មុខ​តំណែង​ជា​អភិបាលខេត្ត​ជាដើម ។​

​យ៉ាងណា​ក៍ដោយ នៅ​យប់​ថ្ងៃ​សុក្រ​ដដែល​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក សេង ទៀង ផ្ទាល់ ក៍​ដូច​ជា​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៕