រថយន្តស៊េរីទំនើប និងពលរដ្ឋខ្មែរមួយចំនួនកំពុងពេញនិយមប្រើចំនួន០២គ្រឿង ត្រូវបានកងកម្លាំងគយចល័តធ្វើការបង្ក្រាប ខណៈក្រុមឈ្មួញជាមុខសញ្ញាចាស់បាននាំចូលតាមច្រករបៀងប៉ុស្តិ៍អន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។
ប្រភពថា រថយន្តម៉ាក Lexus GS 300 និងរថយន្តម៉ាក Chevrolet ផលិតឆ្នាំ២០១៩ ដែលនាំចូលគេចពន្ឋពីប្រទេសវៀតណាម ត្រូវបានគយចល័តចាប់បាននៅចំណុច ភូំមិពោធិ៍ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ សីហា ២០២០ គឺប៉ុន្មានម៉ោងក្រោយក្រុមឈ្មួញនាំចូលតាមច្រករបៀងខាងលើ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យជាឈ្មួញនិងជាមុខសញ្ញាដដែលខាងនាំរថយន្តគេចពន្ឋពីវៀតណាមនោះ ឈ្មោះ ម៉ៅ វណ្ណៈ ហៅសុខគា ហើយជននេះមានជំនាញនិងបទពិសោធន៍ខ្ពស់ណាស់ខាងនាំរថយន្តគេចពន្ឋចូល ។
បើតាមសមត្ថកិច្ចជនឈ្មោះ ម៉ៅ វណ្ណៈ បានជួលអ្នកបើកបរយ៉ាងស្ទាត់ជំនាញបើកក្នុងល្បឿន១៥០ ទៅ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ក្នុងស្ថានភាពមេឃកំពុងភ្លៀង និងយប់ងងឹតផង ដោយមិនខ្វល់ពីការគ្រោះថ្នាក់ចំពោះអ្នកដទៃ។ សមត្ថកិច្ចបន្តថា ក្រៅពីឈ្មួញខាងលើ ក៍នៅមានអ្នកលួចនាំចូលរថយន្តអត់ពន្ធម្នាក់ទៀតឈ្មោះ ប៊ុន ធឿន ដែលគយធ្លាប់ធ្វើការបង្ក្រាបដែរនោះ សមត្ថកិច្ចកំពុងតាមប្រម៉ាញ់បន្ត។
តាមចម្លើយសារភាពរបស់ម្ចាស់ និងអ្នកបើកបរ បានឲ្យដឹងថា ក្នុងមួយខែពួកគេលួចនាំចូលរថយន្តពីប្រទេសវៀតណាមបានចំនួន ពី១៧ ទៅជាង២០គ្រឿង ដោយយកស្លាកលេខ នគរបាលជាតិ និង ខ ម ទៅបំពាក់គ្រប់រថយន្ត រាល់ពេលធ្វើសកម្មភាពនាំចូល៕