ទីបំផុតទៅអាប៉ោងបានបើកគម្របហើយ គឺអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋនាគារក្រសួងមហាផ្ទៃដែលត្រូវចូលជំនួសតំណែងលោកនាយឧត្តមសេនីយ៍ គតិបណ្ឌិត ចាន់ គីមសេង ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃគឺ លោកផ្កាយ៣ ឆែម សាវុធ ប្រធានមណ្ឌលអប់រំកែប្រែទី១(ម១) ឬ គុកព្រៃស ។ ចំណែកអ្នកដែលត្រូវជំនួសតំណែងលោក ឆែម សាវុធ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។
នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស / រកត / ០៨២០ / ៨៤៤ ដែលឡាយព្រះហស្ថលេខាដោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ សីហា ២០២០ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដែលត្រូវបានគេចែកផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ ។
ប្រភពពីមន្ត្រីពន្ឋនាគារបានបង្ហើបឲ្យដឹងថា ចាប់តាំងពីលោកផ្កាយ៤ ចាន់ គីមសេង ត្រូវបានព្រះមហាក្សត្រដាក់ឲ្យចូលនិវត្តន៍ប្រមាណមួយឆ្នាំនោះរួចមក ព័ត៌មានចចាមអារ៉ាមពីអ្នកដែលត្រូវចូលជំនួសលោកអគ្គនាយករូបនេះគឺមានបេក្ខភាពច្រើន ក្នុងនោះមានលោកផ្កាយ៣ ទា បេឡេង បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ឋនាគារនិងជាអតីតអ្នកកាន់ត្រាំឲ្យលោកប្រមុខមហាផ្ទៃ ស ខេង លោកផ្កាយ៣ ឈន សាណាត បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ឋនាគារ និង អតីតមេគុកព្រៃស លោក ម៉ុង គឹមហេង ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា មុនកាន់តំណែងជារដ្ឋលេខាធិការ លោក ម៉ុង គឹមហេង ដែលគេស្គាល់ថាជាមិត្តភ័ក្តិលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៍ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ឋនាគារផងដែរ ។
ប្រភពបន្តថា លោក ឆែម សាវុធ គឺជាមេគុកជាច្រើនឆ្នាំមកហើយ ដោយលោកធ្លាប់ជាប្រធានពន្ឋនាគារខេត្តសៀមរាប រហូតក្លាយជាជំនួយការផ្ទាល់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ។
កាលពីថ្ងៃទី២៧ មីនា ២០១៨ លោក ឆែម សាវុធ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសនិងព្រមានដកតំណែងពីប្រធានពន្ឋនាគារព្រៃ (ម១) ក្រោយបែកធ្លាយឲ្យជនជាប់ចោទ ឈ្មោះ មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មានគណបក្សសង្គ្រោះជាតិនិងជាសកម្មជនបក្សប្រឆាំងដ៍ល្បីឈ្មោះប្រើទូរសព្ទនិយាយចេញមកខាងក្រៅ ។
ប្រភពបញ្ជាក់ថា ក្រៅជាមន្ត្រីដែលមានទ្រព្យសម្បត្តិគួរសម លោក ឆែម សាវុធ ក៍ជាមន្ត្រីមានបទពិសោធន៍គ្រប់គ្រាន់លើកិច្ចការងារពន្ឋនាគារ ដែលអាចដឹកនាំគ្រប់គ្រងអគ្គនាយកដ្ឋានពន្ឋនាគារបានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ឋភាពខ្ពស់ ៕