អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានថ្កោលទោសទីក្រុងប៉េកាំងថារំលោភអធិបតេយ្យជាតិរបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងថាវៀតណាមនឹងងើបតស៊ូប្រឆាំងដាច់ខាត ។
ការប្រកាសថ្កោលទោសនិងបញ្ជាក់ពីជំហររបស់ប្រទេសកុម្មុយនីស្តជិតខាងកម្ពុជាមួយនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ជូននាវាចម្បាំងមួយគ្រឿង និងនាវាមួយគ្រឿងទៀតទៅថ្មប៉ប្រះទឹក Mischief Reef នៅកោះSubi និងកោះទ្រឿង (ស្ព្រាតលី) ដែលវៀតណាមអះអាងថាជាដែនទឹករបស់ខ្លួន ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានប្រកាសទៀតថារាល់សកម្មភាពទាំងឡាយណាដែលចិនបានធ្វើនៅប្រជុំកោះ Paracel (Hoang Sa) និង Spratly ដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាការរំលោភអធិបតេយ្យភាពរបស់វៀតណាម និងមិនផ្តល់ផលប្រយោជន៍ដល់សន្តិភាពសន្តិសុខ និងស្ថិរភាពនៅសមុទ្របានឡើយ។
កាលពីពេលថ្មីៗនេះ លោកស្រីអ្នកនាំពាក្យក្រសួងការបទេសវៀតណាមក៍បាននិយាយបែបលើកទឹកចិត្តខ្លួនថា វៀតណាមដាច់ខាតការពារទឹកដីរបស់ខ្លួនមិនឲ្យចិនយកសូម្បីតែមួយចង្អាម ៕