ស្ថាបត្យករដ៍ល្បីល្បាញរបស់ខ្មែរនិងមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីផងដែរនៅលើពិភពលោកខាងសំណង់ លោក វណ្ណ ម៉ូលីវណ្ណ ធ្លាប់មិនអនុញ្ញាតឲ្យយន្តហោះធុនធំចុះចតនៅលើព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ពីព្រោះលោកថាបើយន្តហោះធុនធំៗចត វានឹងធ្វើឲ្យប៉ះពាល់ខូចដល់គ្រឹះប្រាសាទអង្គរវត្ត ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី០៨ សីហា ២០២០នេះ ។
បើតាមប្រព័ន្ឋផ្សព្វផ្សាយនិងឯកសារខ្លះ ក៍ដូចជាមន្ត្រីមួយចំនួនបានបញ្ជាក់ថា ការលើកឡើងរបស់លោក វណ្ណ ម៉ូលីវណ្ណ ខាងលើនេះ គឺបានធ្វើឡើងអំឡុងពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ។ ក្រៅពីការលើកឡើងខាងលើ ស្ថាបត្យករដ៍ល្បីរូបនេះ ក៍ធ្លាប់ថ្លែងមិនឲ្យលុបបឹងមួយចំនួនក្នុងរាជធានីភ្នំពេញ ដូចជាបឹងកក់ បឹងទំពុន បឹងពោងពាយ បឹងប៉ាយាប បឹងស្នោ និងបឹងក្រពើ..ជាដើម ព្រោះបើតាមលោក វណ្ណ ម៉ូលីវណ្ណ បើលុបបឹងទាំងនោះ រាជធានីភ្នំពេញនឹងលិចទឹកជៀសមិនរួចនោះទេ។
ឯកសារនិងមន្ត្រីដឹងរឿងនេះខ្លះថា នៅពេលលោក វណ្ណ ម៉ូលីវណ្ណ ហាមខាងលើបែបនេះ ពេលនោះ ក៍មានមន្ត្រីខ្លះ បានដៀលលោក វណ្ណ ម៉ូលីវណ្ណ ថាជាមនុស្សចាស់គម្រឹល ហើយក្រោយមកមិនដឹងមានរឿងអ្វី លោក វណ្ណ ម៉ូលីវណ្ណ ក៍ត្រូវបានដកតំណែងពីរដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ។ តើមកទល់នឹងពេលនេះ គំនិតប្រាជ្ញារបស់លោក វណ្ណ ម៉ូលីវណ្ណ ខុសឬត្រូវ ?
លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦ កខេត្តកំពត ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។
សម្ដេច នរោត្តម-សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។
ចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ១៩៤៦ លោក វណ្ណ ម៉ូលីវណ្ណ សិក្សាផ្នែកច្បាប់ នៅសាលាភូមិន្ទរដ្ឋបាលភ្នំពេញ។ នៅឆ្នាំ១៩៤៦ លោកបានទទួលអាហារូបករណ៍បន្តការសិក្សាផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Sorbonne University នៅទីក្រុងប៉ារីស ប្រទេសបារាំង។ នៅឆ្នាំ ១៩៤៧ លោកឈប់រៀនច្បាប់ ហើយបែរមកចូលរៀនផ្នែកស្ថាបត្យកម្មនៅសាលាជាតិជាន់ខ្ពស់វិចិត្រសិល្បៈ និងទទួលបានសញ្ញបត្រស្ថាបត្យកម្មពីរដ្ឋាភិបាលបារាំងនៅឆ្នាំ ១៩៥៥ ។ នៅឆ្នាំ ២០០៨ លោកទទួលបានសញ្ញាបត្របណ្ឌិតស្ថាបត្យកម្ម ពីសាកលវិទ្យាល័យប៉ារីស ៨ (University of Paris 8) ។
នៅឆ្នាំ ១៩៥៦ លោក វណ្ណ ម៉ូលីវណ្ណ បានវិលត្រឡប់មកកម្ពុជាវិញ។ ចាប់ពីឆ្នាំនោះមក លោកត្រូវបានផ្ដល់មុខតំណែង និងភារកិច្ចជាច្រើន។ តួនាទីសំខាន់ៗដែលលោកធ្វើក្នុងអំឡុងពេលនោះ មានដូចជា ស្ថាបនិក និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប និងរដ្ឋមន្ត្រីក្រសួងអប់រំជាតិ។ ចាប់ពីឆ្នាំ ១៩៧២ ដល់ឆ្នាំ១៩៧៩ លោកបំពេញការងារជាស្ថាបត្យករ សាស្ត្រាចារ្យនៅប្រទេសស្វីស និងជាទីប្រឹក្សាវាយតម្លៃគម្រោងរបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត។
ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៧ លោកធ្វើជាមន្ត្រីជាន់ខ្ពស់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ UNCSH ។ ឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៣ លោកបំពេញការងារជាឧត្តមប្រឹក្សាបច្ចេកទេសនៅប្រទេស Burundi និងជាអ្នកជំនាញជាន់ខ្ពស់របស់ UNESCO ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ លោកជាឧត្តមប្រឹក្សានៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (SNC) ។
នៅឆ្នាំ ១៩៩៣ លោកធ្វើមាតុភូមិនិវត្តន៍មកម្ពុជា និងត្រូវបានផ្ដល់តំណែងជាបន្តបន្ទាប់។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០១ លោកធ្លាប់ធ្វើជាទេសរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលជាតិបណ្ដោះអាសន្នកម្ពុជា, ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវប្បធម៌ វិចិត្រសិល្ប រៀបចំដែនដី និងនគរូបនីយកម្ម, អនុប្រធានឧត្តមប្រឹក្សាជាតិផ្នែកវប្បធម៌, សមាជិកបណ្ឌិតសភាស្ថាបត្យកម្មប្រទេសបារាំង, ប្រធានអគ្គនាយកនៃអាជ្ញាធរអប្សរា។ នៅឆ្នាំ២០០១ លោកត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់អតីតព្រះមហាក្សត្របន្ថែមលើភារកិច្ចដែលរដ្ឋាភិបាលប្រគល់ជូន។ ឆ្នាំ២០០៤ ដល់ មុនថ្ងៃទទួលមរណភាព លោកជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រេសិតពិសេស និងអចិន្រៃយ៍នៃព្រះមហាក្សត្រ។
ស្នាដៃរបស់លោកដែលនៅមានជីវិត និងខ្លះស្លាប់នោះរួមមាន៖ ពហុកីឡដ្ឋានជាតិអូរឡាំពិក វិមានឯករាជ្យ សាលសន្និសីទចតុមុខ វិមានរដ្ឋចំការមន សាលមហោស្រពជាតិសុរាម្រឹត(ឆេះកាលពីឆ្នាំ១៩៩៤ និងពេលនេះរលាយទាំងស្រុងបាត់រូបរាងហើយ) វិទ្យាស្ថានភាសាបរទេស សំណង់ផ្ទះ១០០ខ្នង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដើម ។
លោកបានទទួលមរណភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងអាយុ៩១ឆ្នាំ នៅក្នុងលំនៅដ្ឋានរបស់លោកនៅតាមបណ្តោយស្ទឹងសៀមរាបក្នុងក្រុង-ខេត្តសៀមរាប៕