គោយន្តដឹកអុស១គ្រឿង ត្រូវបានអាជ្ញាធរស្ទាក់ចាប់រឹបអូសយកអុសនិងដុតកម្ទេចគោយន្តចោល ដោយចោទថា កសិករដែលជាម្ចាស់គោយន្តកាប់ឈើយកដុតធ្វើអុសលក់ ។
បើតាមគណនីហ្វេសប៊ុកផេក Pheng Vannak News បានឲ្យដឹងទៀតថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិអូរចាន់ ឃុំស្វាយសរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ សីហា ២០២០ ។
បើតាមគណនីដែលគេស្គាល់ថា ជារបស់លោក ផែង វណ្ណៈ អ្នកកាសែតហ្វេសប៊ុកនិងជាអ្នកធ្វើអត្ថាធិប្បាយនៅលើបណ្តាញសង្គមបានបញ្ជាក់ទៀតថា គោយន្តដែលអាជ្ញាធរស្ទាក់ចាប់និងដុតកម្ទេចចោលនេះ គឺជនរងគ្រោះជាកសិករបានខ្ចីលុយធនាគារយកមកទិញដើម្បីដឹកអុសលក់ចិញ្ចឹមជីវិត ។
លោក ផែង វណ្ណៈ ក៍បាននិយាយរិះគន់បែបចម្អកផងដែរថា«បើប្រឹងប្រែងការពារព្រៃឈើម្លឹងៗ ម្ល៉េះព្រៃឈើមិនហិនហោចដូចសព្វថ្ងៃទេ ។ ប៉ុន្តែអស់លោកអង្គការ និង អាជ្ញាធរ អារក បានតែក្ដាមខ្យង ចំណែកតោ និង ខ្លាមិនដែលហ៊ានប៉ះ ។»។
សូមបញ្ជាក់ថា ការបង្ក្រាបរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ឋដូចករណីខាងលើ មានច្រើនមកហើយនាពេលកន្លង ធ្វើមជ្ឈដ្ឋាននានារិះគន់ជាហូរហែមកដែរ ប៉ុន្តែសមត្ថកិច្ចនៅតែឆកល្វែងបង្កើតឲ្យមានបញ្ហានេះកើតឡើង ធ្វើឲ្យពាក្យថា«ខ្លាស៊ីគោ ធ្វើមិនដឹង ឯឆ្មារស៊ីត្រីអាំង វ៉ៃទាល់តែងាប់» នៅតែបានគេយកមកប្រើមិនដឹងពេលណាលុបបំបាត់ ៕