មកទល់នឹងម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី១០ សីហានេះ ព័ត៌មានទាក់ទងទៅនឹងស្រ្តីកងទ័ពមួកខៀវកម្ពុជាដែលត្រូវក្រសួងសុខាភិបាលប្រកាសថាផ្ទុកមេរោគកូវីដ១៩នោះ ពលរដ្ឋមួយចំនួននៅតែមានមន្ទិលសង្ស័យនៅឡើយ ខណៈចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ថាស្រ្តីវ័យ២៧ឆ្នាំដែលទើបមកពីប្រទេសម៉ាលី ស្ថិតក្នុងទ្វីបអាហ្វ្រិកនោះ បានអះអាងក្រោយទទួលព័ត៌មានពីពលរដ្ឋថា បានទៅវត្តជាមួយក្រុមគ្រួសារជូនសម្លរចាស់ៗនិង បានចែកលុយក្មេងៗ តែអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ថាស្រ្តីរូបនោះមិនបានចេញក្រៅ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ។
ឆ្លើយតបទៅនឹងបញ្ហានេះ នៅរសៀលថ្ងៃចន្ទដដែល មន្ទីរសុខាភិបាលខេត្តកណ្តាល បានបដិសេធការលើកឡើងរបស់ចៅសង្កាត់សិត្បូ ហើយថាព័ត៌មានរបស់ចៅសង្កាត់គ្មានប្រភពច្បាស់លាស់ ខុសពីការចុះធ្វើអង្កេត តាមដាន ស្រាវជ្រាវ របស់មន្ត្រីជំនាញសុខាភិបាល សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់អនុវត្ត តាមបច្ចេកទេស និងតាមវិធានការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ។
យ៉ាងណានៅរសៀលថ្ងៃនេះដដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូនៅតែថ្លែងការពាររបាយការណ៍របស់គាត់ដោយបញ្ជាក់ប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថាលោកគឺបានចុះសាកសួរប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ដែលបានឃើញ និងបានទៅវត្តជាមួយស្ត្រីខ្មែរទ័ពមួកខៀវដែលឆ្លងជំងឺកូវីដ-១៩ នោះ។ លោកបញ្ជាក់«ខ្ញុំបារម្ភពលរដ្ឋខ្ញុំឆ្លងជំងឺនេះ[កូវីដ-១៩]»។ លោក ស្វាគមន៍ឱ្យមន្ត្រីជំនាញមន្ទីរសុខាភិបាល ក៏ដូចក្រសួងសុខាភិបាល ចុះស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនឹងស្ត្រីខ្មែរទ័ពមួកខៀវដែលឆ្លងជំងឺកូវីដ-១៩នោះ ដើម្បីបញ្ជាក់ការពិត។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ត្រីខ្មែរនៃក្រុមមួកខៀវកម្ពុជារូបនេះ គឺបានត្រឡប់មកពីប្រទេសម៉ាលី កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០២០។ ក្រោយធ្វើសត្តាឡីស័ក១៤ថ្ងៃនិងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលធ្វើតេស្តរកកូវីដ-១៩ ចំនួន៣ដងលទ្ធផលបង្ហាញអវិជ្ជមាន ក៏អនុញ្ញាតឱ្យស្ត្រីរូបនោះ មកលំនៅដ្ឋានក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៣០កក្កដា។ ក្រោយមកផ្ទះបានមួយសប្តាហ៍ស្ត្រីរូបនេះ ត្រូវបានក្រសួងប្រកាសរកឃើញជំងឺកូវីដ-១៩ ក្រោយធ្វើតេស្តលើកទី៥ បានចេញលទ្ធវិជ្ជមានកាលពីថ្ងៃទី០៨ សីហា ២០២០ ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ សីហា កម្ពុជាមានអ្នកផ្ទុកមេរោគសរុប ២៥១នាក់ (ស្រី៤៩នាក់) ក្នុងនោះករណីជាសះស្បើយ ២១៩នាក់(ស្រី៤៦នាក់) ៕