តើគួរជឿលើចៅសង្កាត់សិត្បូ ឬអ្នកនាំពាក្យក្រសួងសុខាភិបាល ?

មកទល់នឹងម៉ោង៦និង២៥នាទីល្ងាចថ្ងៃទី១០ សីហានេះ ព័ត៌មានទាក់ទងទៅនឹងស្រ្តីកងទ័ពមួកខៀវកម្ពុជាដែលត្រូវក្រសួងសុខាភិបាលប្រកាសថាផ្ទុកមេរោគកូវីដ១៩នោះ ពលរដ្ឋមួយចំនួននៅតែមានមន្ទិលសង្ស័យនៅឡើយ ខណៈចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ថាស្រ្តីវ័យ២៧ឆ្នាំដែលទើបមកពីប្រទេសម៉ាលី ស្ថិតក្នុងទ្វីបអាហ្វ្រិកនោះ បានអះអាងក្រោយទទួលព័ត៌មានពីពលរដ្ឋថា បានទៅវត្តជាមួយក្រុមគ្រួសារជូនសម្លរចាស់ៗនិង បានចែកលុយក្មេងៗ តែអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន ថាស្រ្តីរូបនោះមិនបានចេញក្រៅ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ។

ឆ្លើយតបទៅនឹងបញ្ហានេះ នៅរសៀល​ថ្ងៃចន្ទដដែល មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បានបដិសេធការលើកឡើងរបស់​ចៅសង្កាត់​សិត្បូ ហើយថាព័ត៌មានរបស់ចៅសង្កាត់គ្មាន​ប្រភព​ច្បាស់លាស់ ខុសពី​ការចុះ​ធ្វើ​អង្កេត តាមដាន ស្រាវជ្រាវ របស់​មន្ត្រី​ជំនាញ​សុខាភិបាល សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ថ្នាក់​អនុវត្ត តាម​បច្ចេកទេស និង​តាម​វិធាន​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ​។

យ៉ាងណានៅរសៀលថ្ងៃនេះដដែល លោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូនៅតែថ្លែងការពាររបាយការណ៍របស់គាត់ដោយបញ្ជាក់ប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថាលោក​គឺ​បាន​ចុះសាកសួរ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់​ដែល​បានឃើញ និង​បាន​ទៅ​វត្ត​ជាមួយ​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នោះ​។ លោកបញ្ជាក់​«ខ្ញុំ​បារម្ភ​ពលរដ្ឋ​ខ្ញុំ​ឆ្លង​ជំងឺ​នេះ​[​កូ​វីដ​-១៩]»​។ លោក ស្វាគមន៍​ឱ្យ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល ក៏​ដូច​ក្រសួងសុខាភិបាល ចុះ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី​ខ្មែរ​ទ័ព​មួក​ខៀវ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ ដើម្បី​បញ្ជាក់​ការពិត​។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្ត្រី​ខ្មែរនៃ​ក្រុម​មួក​ខៀវ​កម្ពុជា​រូបនេះ គឺ​បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី​១០​កក្កដា ឆ្នាំ​២០២០​។ ក្រោយ​ធ្វើ​សត្តា​ឡី​ស័ក​១៤​ថ្ងៃ​និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល​ធ្វើតេស្តរ​កកូ​វីដ​-១៩ ចំនួន​៣​ដង​លទ្ធផល​បង្ហាញ​អវិជ្ជមាន ក៏​អនុញ្ញាតឱ្យ​ស្ត្រី​រូបនោះ មក​លំនៅដ្ឋាន​ក្នុងភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃទី​៣០​កក្កដា​។ ក្រោយមក​ផ្ទះ​បាន​មួយ​សប្តាហ៍​ស្ត្រី​រូបនេះ ត្រូវបាន​ក្រសួង​ប្រកាស​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ក្រោយ​ធ្វើតេស្ត​លើក​ទី​៥ បានចេញ​លទ្ធ​វិជ្ជមាន​កាលពី​ថ្ងៃទី០​៨​ សីហា ​២០២០ ។

គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១០ សីហា កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​សរុប ២៥១​នាក់ (​ស្រី​៤៩​នាក់​)  ក្នុង​នោះ​ករណី​ជា​សះស្បើយ ២១៩​នាក់​(​ស្រី​៤៦​នាក់​) ៕