«យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រង មិនពឹងផ្អែកទៅលើអ្នករត់ការ ឬពឹងផ្អែកទៅលើថា យី! អ្នកណាចូលផ្ទះខ្ញុំញឹកញយ អ្នកណាឧស្សាហ៍ឲ្យអង្ករហូប ឬមួយត្រីងៀត អាហ្នឹងល្អ តែអាគ្នាខំ [ធ្វើការ] ចង់ងាប់ អត់បានយកអីទៅឲ្យយើង អាហ្នឹងអាក្រក់ ទស្សនៈអ៊ីចឹង មិនត្រឹមត្រូវទេ»។
នេះជាប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋនាគារក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ សីហា ២០២០នេះ ។
បើតាមលោក ស ខេង ការរត់ការ ដើម្បីបានតំណែង គឺមកពីមន្ត្រីទាំងនោះ មិនទុកចិត្តលើសមត្ថភាពខ្លួនឯង ហើយក៏មិនទុកចិត្តលើការវាយតម្លៃរបស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់តំណែងនោះ ដូច្នេះហើយ ទើបពួកគេ ពឹងផ្អែកលើការរត់ការ ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រកាសខាងលើ គឺលោក ឆែម សាវុធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) និងជាអតីតប្រធានពន្ឋនាគារខេត្តសៀរាប ត្រូវបានចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋនាគារ ជំនួសលោក ចាន់ គីមសេង ដែលដាក់ឲ្យចូលនិវត្តន៍ និងតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕