មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានពន្យល់ថា ទឹកភ្លៀងជន់លិចក្នុងរាជធានីភ្នំពេញ គឺដោយសារតែភ្នំពេញ ស្ថិតក្នុងតំបន់ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក ។
នៅក្នុងការពន្យល់បកស្រាយ និងឯកសារជំនួយស្មារតីស្វែងយល់ស្តីពីការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញស្វែងយល់ស្តីពីការជន់លិចដោយទឹកភ្លៀងក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៍បានលើកឡើងទៀតថា ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រទំនាបលិចទឹករាងជាបាតខ្ទះ ព័ទ្ឋជុំវិញដោយការគំរាមកំហែងទឹកជំនន់នៅរដូវវស្សាពីបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ព្រមទាំងទទួលទឹកជាប្រចាំពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលហូរឆ្លងកាត់ចូលរាជធានីភ្នំពេញមុនហូរធ្លាក់ទៅទន្លេ ។ ទឹកទន្លេឡើងចាប់ផ្តើមពីខែកក្កដា ដល់ខែវិច្ឆិកា ដែលធ្វើអោយទ្វារទឹកនៅតាមទំនប់ក្រវ៉ាត់ក្រុង ត្រូវបានបិទចៀសវាងទឹកហូរចូលក្នុងក្រុង ហើយប្រើស្ថានីយ៍បូមទឹកចំនួន ១៤កន្លែងបូមបញ្ចេញក្រៅក្រុង។
តំបន់ប្រទេសអាស៊ីអាគ្នេយ៍ជាតំបន់ដែលទទួលរបបទឹកភ្លៀងធ្លាក់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានកំពស់ជាមធ្យមពី ១២០០ម ទៅ ២២០០មមក្នុង១ឆ្នាំ។ រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់ដែលភ្លៀងធ្លាក់ច្រើនជាងគេលើពិភពលោក។ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ភ្លៀងធ្លាក់ខ្លាំងមានរយៈពេលខ្លី។ ជាទូទៅ ទីក្រុងស្ទើរតែទាំងអស់នៅលើពិភពលោក ។ការដោះស្រាយទឹកមិនអោយលិចទីក្រុងបានក្នុងកម្រិតកំពស់ទឹកភ្លៀងធ្លាក់ត្រឹម ៤០មមក្នុង១ម៉ោង បើភ្លៀងលើសពីនេះ គឺលិចទឹកហើយ។ ជាក់ស្តែងថ្មីៗនេះ ទីក្រុង សេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរដែរ។ ខ្លឹមសារជាច្រើនទៀត សូមចូលទៅកាន់ផេកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ។
ការចេញមកពន្យល់របស់មន្ទីរសាធារណការរាជធានីភ្នំពេញខាងលើ បានធ្វើឡើងក្រោយពីមានការរិះគន់យ៉ាងច្រើនពីសំណាក់ពលរដ្ឋដែលរងគ្រោះដោយសារទឹកភ្លៀងជន់លិចផ្លូវនិងផ្ទះកាលពីប៉ុន្មានថ្ងៃមុន ហើយដែលការិះគន់ភាគច្រើន បានស្តីបន្ទោសអាជ្ញាធរលុបបឹងដែលជាកន្លែងស្តុកទឹកសម្អុយជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជាបឹងកក់ បឹងទំពន់ បឹងប៉ាយ៉ាប បឹងពោងពាយ បឹងកប់ស្រូវ និងបឹងតាមោកជាដើម ។
ជាការកត់សម្គាល់របស់មជ្ឈដ្ឋានប្រជាពលរដ្ឋនិងអ្នកតាមដានសង្គមមួយចំនួន រាល់ពេលដែលមានការរិះគន់ពីពលរដ្ឋទៅលើបញ្ហាផ្សេងៗ អាជ្ញាធរហាក់មិនទទួលខុសត្រូវ តែផ្ទុយទៅវិញបែរជាឆ្លើយបកស្រាយនិងទម្លាក់កំហុសទៅលើបញ្ហាផ្សេងៗដូចជាកន្លងមក ដែលពលរដ្ឋចាត់ទុកជាសម្តីមាស «ការមានសំរាមច្រើន បព្ជាក់ពីសេដ្ឋកិច្ចរីកចម្រើនពលរដ្ឋមានជីវភាពធូរធា(លោកកែប ជុតិមា) , ពលរដ្ឋណាមិនខ្វល់ពីនយោបាយ ជាពលរដ្ឋឆ្លាត(លោកសុខ ឥសាន) , ពលរដ្ឋធ្វើចំណាកស្រុកច្រើន ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន(លោកសុខ ឥសាន) ,ដាច់ភ្លើងញឹកញាប់ បញ្ជាក់ថាសេដ្ឋកិច្ចរីកចម្រើន( លោក កែវ រតនៈ) , កាប់ឈើ ធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន (លោក ឈាង វុន) …ជាដើម» ៕