លោក ស ខេង ថាលោកមិនឲ្យតម្លៃអ្នកបានតំណែងដោយសាររត់ការឡើយ

«​យើងខ្ញុំ​ជា​អ្នកដឹកនាំ​គ្រប់គ្រង មិន​ពឹងផ្អែក​ទៅ​លើ​អ្នក​រត់ការ ឬ​ពឹងផ្អែក​ទៅ​លើ​ថា យី​! អ្នក​ណា​ចូល​ផ្ទះ​ខ្ញុំ​ញឹកញយ អ្នក​ណា​ឧស្សាហ៍​ឲ្យ​អង្ករ​ហូប ឬ​មួយ​ត្រីងៀត អាហ្នឹង​ល្អ តែ​អា​គ្នា​ខំ [​ធ្វើការ​] ចង់​ងាប់ អត់​បាន​យក​អី​ទៅ​ឲ្យ​យើង អាហ្នឹង​អាក្រក់ ទស្សនៈ​អ៊ីចឹង មិន​ត្រឹមត្រូវ​ទេ​»​។​

នេះ​ជា​ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១០ សីហា ២០២០​នេះ ។​

​បើ​តាម​លោក ស ខេ​ង ការ​រត់ការ ដើម្បី​បាន​តំណែង គឺ​មក​ពី​មន្ត្រី​ទាំងនោះ មិន​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួនឯង ហើយ​ក៏​មិន​ទុកចិត្ត​លើ​ការ​វាយតម្លៃ​របស់​ថ្នាក់ដឹកនាំ ក្នុង​ការ​ផ្តល់​តំណែង​នោះ ដូច្នេះ​ហើយ ទើប​ពួក​គេ ពឹងផ្អែក​លើ​ការ​រត់ការ ។​

​សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​ប្រកាស​ខាងលើ គឺ​លោក ឆែម សា​វុ​ធ ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​គុក​ព្រៃ​ស​) និង​ជា​អតីត​ប្រធាន​ព​ន្ឋ​នាគារ​ខេត្ត​សៀ​រាប ត្រូវ​បាន​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ ជំនួស​លោក ចាន់ គី​ម​សេង ដែល​ដាក់​ឲ្យ​ចូល​និវត្តន៍ និង​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ៕