មន្ត្រីសិទ្ធិមនុស្ស និងអាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ៦នាក់ ដែលសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែង លោករ៉ុង ឈុន ត្រូវបានចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់វីអូឌីថា តាមព័ត៌មានដែលអ្នកនាងទទួលបាន គឺមានសកម្មជនជាយុវជនចំនួន ៦នាក់ ដែលអាជ្ញាធរបានចាប់ឃាត់ខ្លួននៅរសៀលនេះ រួមមាន ឈ្មោះ ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, សំណាង, ឡាវី, សៀងហៃ និងគន្ធីន ដែលក្នុងចំណោមពួកគេភាគច្រើនជាសមាជិកក្រុមយុវជនថាវរៈ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ថា សមត្ថកិច្ច្ពិតជាបានចាប់ខ្លួនមនុស្សទាំង ៦នាក់នោះពិតមែន ក្នុងនោះ មានម្នាក់ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការ និង៥នាក់ទៀត ជាបទល្មើសជាក់ស្តែង។
លោកថា៖ «មកដល់ពេលនេះ[ម៉ោងជាង៦ល្ងាចនេះ] យើងឃាត់បាន ៦នាក់ហើយ ក្នុងនោះប្រុស៣នាក់ ស្រី៣នាក់។ មានម្នាក់យើងចាប់តាមដីកា ហើយប៉ុន្មាននាក់ទៀតនោះ ជាបទល្មើសជាក់ស្តែង ដោយសារពួកគេបង្កភាពរញ៉េរញ៉ៃ និងបង្កអសន្តិសុខ[សង្គម] ដូចជាទៅLiveទៅអីហ្នឹង»។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃបន្ទាប់ ក្រោមបទចោទថា ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ក្រោយការឃុំខ្លួនលោករ៉ុង ឈុន ក្រុមសាច់ញាតិ និងយុវជនខ្មែរថាវរៈ ព្រមទាំងសកម្មជនមួយចំនួន បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ និងធ្វើយុទ្ធនាការតាមដងវិថីមួយចំនួន ដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន។
ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី៣ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយ ដោយចាត់ទុកសកម្មភាពជួបជុំប្រមូលផ្តុំនៅមុខសាលាដំបូងនោះ បានធ្វើឲ្យប៉ះពាល់ដល់ប្រក្រតីភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាសពីគោលការណ៍ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា រាល់ការជួបប្រជុំប្រមូលផ្តុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមច្បាប់ និងការណែនាំនានា ស្តីពី ការបង្ការ-ទប់ស្កាត់ការរីករាលដាលការចម្លងវីរុសកូវីដ១៩។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា៖ «រាល់សកម្មភាពជួបប្រជុំប្រមូលផ្តុំ ដែលគ្មានការជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់ទុកជាទង្វើខុសច្បាប់[ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី] ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមយុវនខ្មែរថាវរៈ សាច់ញាតិលោករ៉ុង ឈុន និងសកម្មជនប្រមាណ ៥០នាក់ រួមទាំងប្រធានគណបក្សខ្មែរឈ្នះ លោកសួង សុភ័ណ្ឌ បាននាំគ្នាទៅប្រមូលផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យស្ថាប័នមួយនេះ ដោះលែងលោករ៉ុង ឈុន ប៉ុន្តែត្រូវបានអាជ្ញាធរ និងសន្តិសុខខណ្ឌ៧មករា រារាំង និងរុញច្រានចេញពីទីនោះ។
ក្នុងអំឡុងពេលប៉ះទង្គិចគ្នានោះ កញ្ញា ឈឿន ដារ៉ាវី អាយុ ២៩ឆ្នាំ បានអះអាងថា ក្រុមសន្តិសុខខណ្ឌ បានទាញយកកាបូបរបស់គាត់ទៅបាត់ ដោយក្នុងការបូបនោះមានលុយនិងសម្ភារៈមួយចំនួន ទើបនៅរសៀលនេះ ពួកគេនៅបន្តរងចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារយកកាបូបនោះមកវិញ៕
ប្រភព ៖ VOD