ទូកវៀតណាមចំនួន១០០គ្រឿងបានរំលោភចូលមកដែនសមុទ្រកម្ពុជាដើម្បីនេសាទ កាលពីខែកក្កដាកន្លងទៅ។ នេះបើយោងតាមរបាយការរបស់ក្រុមអ្នកស្រាវជ្រាវនៃគម្រោងគំនិតផ្ដួចផ្ដើមអង្កេតលើស្ថានភាពយុទ្ធសាស្ត្រសមុទ្រចិនខាងត្បូង (South China Sea Probing Initiative) ឬហៅថា SCSPI ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យប៉េកាំង (PKU) ចេញផ្សាយកាលពីពេលថ្មីៗនេះ ។
បើតាមរបាយការណ៍ដដែល ចំនួនទូកវៀតណាមដែលចូលនេសាទក្នុងដែនសមុទ្រកម្ពុជាកាលពីខែកក្កដា បើធៀបទៅនឹងខែមិថុនា ដែលមានចំនួន១៥៧ទូក គឺមានការថយចុះ៣០% ។
របាយការណ៍ដែលមានការភ្ជាប់ផែនទី និងបញ្ជីឈ្មោះទូកនេសាទវៀតណាមផងនោះ ក៍បានបង្ហាញដែរថា ក្រៅពីរំលោភចូលដែនសមុទ្រកម្ពុជា ទូកនេសាទវៀតណាម ក៍ចូលទៅនេសាទក្នុងដែនទឹកក្បែរតំបន់ចិនដីគោក កោះហៃណាន ដែនសមុទ្រម៉ាឡេស៊ី និងដែនសមុទ្រឥណ្ឌូណេស៊ីផងដែរ ។
បើតាម SCSPI សកម្មភាពរបស់ទូកវៀតណាមចូលទៅនេសាទក្នុងដែនទឹកគ្រប់គ្រងដោយប្រទេសដទៃនេះ តែងបង្កជម្លោះនិងទាញយកផលប្រយោជន៍ពីការអនុវត្តច្បាប់មានចន្លោះប្រហោងដោយសមត្ថកិច្ចក្នុងតំបន់ទឹកទាំងនោះ។
លោក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធថា មិនមានទូកនេសាទវៀតណាមឆ្លងចូលមកដែនសមុទ្រកម្ពុជាទេ។ លោកថា កម្លាំងនគរបាលការពារព្រំដែននឹងចាត់ការភ្លាមៗ បើសិនជាមានករណីនេសាទបំពានណាមួយ។
លោកបានប្រាប់ VOA ថា«អត់មានបង! អត់មាន ពីព្រោះវិធានការ ប្រទេសគេក៏ទប់ស្កាត់ប្រទេសយើងក៏ទប់ស្កាត់ពីព្រោះថា សម័យកូវីដនេះខ្ញុំហ៊ានធានាអះអាងថាគ្មានការឆ្លងដែនដោយ[ខុសច្បាប់]នេះ តែម្ដង ព្រោះច្រករបៀង ច្រកសមុទ្រនេះគឺយើងទប់ស្កាត់តែម្ដងអត់ឱ្យមានទេ»។
«អត់ទេ បងដោយខ្ញុំ ការគ្រប់គ្រងហ្នឹងខ្ញុំអង្កេតមើលថាការឆ្លងដែននោះវានិយាយរួមតាំងពីខែពីរ ខែបីមក គឺអត់មានមក។ មកទល់បច្ចុប្បន្នគឺអត់មានមក។ ពីមុននិយាយថា ឆ្លងដែនឆ្លងដែននេះយើងមិននិយាយថា ឆ្លងដែនទេ។ខ្ញុំចង់ជម្រាបជូនថានេសាទនេះដល់ពេលយប់ខ្យល់យប់ងងឹតអី គាត់លបលួចមកក្នុងដែនទឹកប្រវតិ្តសាស្ត្រនេះ …. មកមួយដងមួយកាល ក៏គាត់ទៅវិញទៅ។តែមកដល់សម័យកូវីដនេះ យើងទប់ស្កាត់ទាំងអស់ អត់មានទេបាទ»។
យ៉ាងណាក៏ដោយ លោកទូច ពលៈមិនបានបញ្ជាក់នោះទេ នៅពេលត្រូវបានសួរអំពីប្រព័ន្ធឧបករណ៍តាមដានប្រើប្រាស់ដោយកម្លាំងជំនាញ តែលោកថាបណ្ដាប្រជានេសាទកម្ពុជាជាភ្នាក់ងារព័ត៌មានរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ចចុះទៅបង្ក្រាបបើសិនជាមានករណីលួចឆ្លងចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជាមែននោះ។
នៅព្រឹកថ្ងៃទី២០ សីហានេះ «អង្រុត»មិនទាន់អាចទាក់ទងសុំការអធិប្បាយពីស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ ក៍ដូចជាមន្ត្រីអ្នកនាំពាក្យរដ្ឋបាលជលផលកម្ពុជា ។ ចំណែក លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏មិនអាចរកការសុំអត្ថាធិប្បាយតបបានដែរជុំវិញការបង្ហាញរបាយការណ៍របស់SCSPI ខាងលើ។
ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងចំពេលដែលមានករណីនៃការប៉ះទង្គិចគ្នាកាលពីថ្ងៃច័ន្ទ រវាងឆ្មាំសមុទ្រម៉ាឡេស៊ី និងទូកនេសាទវៀតណាម ដែលបណ្ដាលឱ្យអ្នកនេសាទវៀតណាមម្នាក់ត្រូវគ្រាប់ស្លាប់។ទូកនេសាទមួយគ្រឿងរបស់វៀតណាមបានលិចកាលពីខែមេសា ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្ដិសុខរបស់ចិននៅតំបន់ទឹកមានជម្លោះ រហូតសហរដ្ឋអាមេរិកបានកៀរគរបណ្ដារដ្ឋនានាឱ្យហ៊ានបញ្ចេញសំឡេងតទល់នឹងចិន។
ស្ថាប័នស្រាវជ្រាវ SCSPI ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបង្កើតឡើងកាលពីខែមេសាឆ្នាំ២០១៩ និងនិយមប្រើប្រាស់ទិន្នន័យតាមដានចរាចរណ៍ទូកនេសាទ នាវាចរណ៍ និងអាកាសចរណ៍ក្នុងសមុទ្រចិនខាងត្បូង។ ស្ថាប័ននេះត្រូវបានគេមើលឃើញថា ជាវេទិកាមួយទៀតរបស់ចិនលើផ្នែកសិក្សាធិការដើម្បីការពារផលប្រយោជន៍រដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូង៕