អង្គភាពរបស់ចិនមួយថា ទូកនេសាទវៀតណាម១០០គ្រឿងរំលោភចូលដែនសមុទ្រខ្មែរ

ទូក​វៀតណាម​ចំនួន​១០០​គ្រឿង​បាន​រំលោភ​ចូល​មក​ដែនសមុទ្រ​កម្ពុជា​ដើម្បី​នេសាទ កាលពី​ខែកក្កដា​កន្លង​ទៅ​។ នេះ​បើ​យោង​តាម​របាយ​ការ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​អង្កេត​លើ​ស្ថានភាព​យុទ្ធសាស្ត្រ​សមុទ្រ​ចិន​ខាងត្បូង (South China Sea Probing Initiative) ឬ​ហៅ​ថា SCSPI ដែល​មាន​មូលដ្ឋាន​នៅ​សាកលវិទ្យាល័យ​ប៉េ​កាំ​ង (PKU) ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។​

​បើ​តាម​របាយការណ៍​ដដែល ចំនួន​ទូក​វៀតណាម​ដែល​ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​កាលពី​ខែកក្កដា បើ​ធៀប​ទៅ​នឹង​ខែមិថុនា ដែល​មាន​ចំ​នួ​ន១៥៧​ទូក គឺ​មានការ​ថយ​ចុះ​៣០% ។​

​របាយការណ៍​ដែល​មានការ​ភ្ជាប់​ផែនទី និង​បញ្ជី​ឈ្មោះ​ទូក​នេសាទ​វៀតណាម​ផង​នោះ ក៍បាន​បង្ហាញ​ដែរ​ថា ក្រៅពី​រំលោភ​ចូល​ដែនសមុទ្រ​កម្ពុជា ទូក​នេសាទ​វៀតណាម ក៍​ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក​ក្បែរ​តំបន់​ចិនដីគោក កោះ​ហៃ​ណា​ន ដែនសមុទ្រ​ម៉ា​ឡេ​ស៊ី និង​ដែនសមុទ្រ​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ ។​

​បើ​តាម SCSPI សកម្មភាព​របស់​ទូក​វៀតណាម​ចូល​ទៅ​នេសាទ​ក្នុង​ដែនទឹក​គ្រប់គ្រង​ដោយ​ប្រទេស​ដទៃ​នេះ តែង​បង្កជម្លោះ​និង​ទាញ​យក​ផលប្រយោជន៍​ពី​ការ​អនុវត្ត​ច្បាប់​មាន​ចន្លោះ​ប្រហោង​ដោយ​សមត្ថកិច្ច​ក្នុង​តំបន់​ទឹក​ទាំងនោះ​។​

​លោក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បដិសេធ​ថា មិន​មាន​ទូក​នេសាទ​វៀតណាម​ឆ្លង​ចូល​មក​ដែនសមុទ្រ​កម្ពុជា​ទេ​។ លោក​ថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​នឹង​ចាត់ការ​ភ្លាម​ៗ បើសិនជា​មាន​ករណី​នេសាទ​បំពាន​ណាមួយ​។​

​លោក​បាន​ប្រាប់ VOA ថា​«​អត់​មាន​បង​! អត់​មាន ពីព្រោះ​វិធានការ ប្រទេស​គេ​ក៏​ទប់ស្កាត់​ប្រទេស​យើង​ក៏​ទប់ស្កាត់​ពីព្រោះ​ថា សម័យ​កូ​វី​ដ​នេះ​ខ្ញុំ​ហ៊ាន​ធានា​អះអាង​ថា​គ្មាន​ការ​ឆ្លង​ដែន​ដោយ​[​ខុសច្បាប់​]​នេះ តែ​ម្ដង ព្រោះ​ច្រករបៀង ច្រក​សមុទ្រ​នេះ​គឺ​យើង​ទប់ស្កាត់​តែ​ម្ដង​អត់ឱ្យ​មាន​ទេ​»​។​

«​អត់​ទេ បង​ដោយ​ខ្ញុំ ការ​គ្រប់គ្រង​ហ្នឹង​ខ្ញុំ​អង្កេត​មើល​ថា​ការ​ឆ្លង​ដែន​នោះ​វា​និយាយ​រួម​តាំងពី​ខែ​ពីរ ខែ​បី​មក គឺ​អត់​មាន​មក​។ មក​ទល់​បច្ចុប្បន្ន​គឺ​អត់​មាន​មក​។ ពី​មុន​និយាយ​ថា ឆ្លង​ដែន​ឆ្លង​ដែន​នេះ​យើង​មិន​និយាយ​ថា ឆ្លង​ដែន​ទេ​។​ខ្ញុំ​ចង់​ជម្រាប​ជូន​ថា​នេសាទ​នេះ​ដល់​ពេល​យប់​ខ្យល់​យប់​ងងឹត​អី គាត់​លប​លួច​មក​ក្នុង​ដែនទឹក​ប្រ​វ​តិ្ត​សាស្ត្រ​នេះ …. មក​មួយ​ដង​មួយ​កាល ក៏​គាត់​ទៅ​វិញ​ទៅ​។​តែ​មក​ដល់​សម័យ​កូ​វី​ដ​នេះ យើង​ទប់ស្កាត់​ទាំងអស់ អត់​មាន​ទេ​បាទ​»​។​

​យ៉ាងណា​ក៏​ដោយ លោក​ទូច ពលៈ​មិន​បាន​បញ្ជាក់​នោះ​ទេ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ប្រព័ន្ធ​ឧបករណ៍​តាមដាន​ប្រើប្រាស់​ដោយ​កម្លាំង​ជំនាញ តែ​លោ​កថា​បណ្ដា​ប្រជា​នេសាទ​កម្ពុជា​ជា​ភ្នាក់ងារ​ព័ត៌មាន​រាយការណ៍​ជូន​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​បើសិនជា​មាន​ករណី​លួច​ឆ្លង​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​មែន​នោះ​។​

 

​នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា​នេះ «​អង្រុត​»​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​នៅ​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ជលផល​កម្ពុជា ។ ចំណែក លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ដែរ​ជុំវិញ​ការ​បង្ហាញ​របាយការណ៍​របស់​SCSPI ខាងលើ​។​

​ការ​ចេញផ្សាយ​របាយការណ៍​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​មាន​ករណី​នៃ​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ រវាង​ឆ្មាំ​សមុទ្រ​ម៉ា​ឡេ​ស៊ី និង​ទូក​នេសាទ​វៀតណាម ដែល​បណ្ដាល​ឱ្យ​អ្នកនេសាទ​វៀតណាម​ម្នាក់​ត្រូវ​គ្រាប់​ស្លាប់​។​ទូក​នេសាទ​មួយ​គ្រឿង​របស់​វៀតណាម​បាន​លិច​កាលពី​ខែមេសា ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្ដិសុខ​របស់​ចិន​នៅ​តំបន់​ទឹក​មាន​ជម្លោះ រហូត​សហរដ្ឋអាមេរិក​បាន​កៀរគរ​បណ្ដា​រដ្ឋ​នានា​ឱ្យ​ហ៊ាន​បញ្ចេញ​សំឡេង​តទល់​នឹង​ចិន​។​

​ស្ថាប័ន​ស្រាវជ្រាវ SCSPI ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បង្កើត​ឡើង​កាលពី​ខែមេសា​ឆ្នាំ​២០១៩ និង​និយម​ប្រើប្រាស់​ទិន្នន័យ​តាមដាន​ចរាចរណ៍​ទូក​នេសាទ នាវាចរណ៍ និង​អាកាសចរណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ស្ថាប័ន​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​វេទិកា​មួយទៀត​របស់​ចិន​លើ​ផ្នែក​សិក្សាធិការ​ដើម្បី​ការពារ​ផលប្រយោជន៍​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕