គ្រញូង១ដើម គេលួចកាប់ពេលយប់ អាជ្ញាធរអប្សរាថាខ្លួនគ្រប់គ្រងតែពេលថ្ងៃ

ដើមឈើ​ប្រណីត​ប្រភេទ​គ្រញូង​១​ដើម ត្រូវ​បាន​គេ​លួច​កាប់ និង​ត្រូវ​បាន​គេ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០២០ ។​

​ដើម​គ្រញូង​ដែល​គេ​លួច​កាប់​នេះ ស្ថិត​នៅ​ក្នុង​តំបន់​អង្គរ ចំណុច​គោក​បាខែង ក្រុម​ទី​៦​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។​

​អាជ្ញាធរ​អប្សរា​បាន​ទទួលស្គាល់​ថា គ្រញូង​១​ដើម ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ពិតជា​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​មែន ដោយ​បញ្ជាក់​ថា ឈើ​គ្រញូង​នេះ​មានមុខ​កាត់ ០.២​ម៉ែត្រ និង​ត្រូវ​មិន​ស្គាល់​មុខ​នោះ​លួច​យក​កំណាត់​ពាក់កណ្ដាល​អស់​ប្រវែង​ប្រមាណ​៣​ម៉ែត្រ ដោយ​បន្សល់​ទុក​គល់​នឹង​ចុង​ប៉ុណ្ណោះ​។​

​ពាក់​ព័​ន្ឋ​នឹង​ការ​លួច​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​អង្គរ​ខាងលើ​នេះ លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធ​         ជាតិ​អប្សរា បាន​បញ្ជាក់​ថា អាជ្ញាធរ​អប្សរា គ្រប់គ្រង​នៅ​ក្នុង​តំបន់​ហ្នឹង​គឺ​តែ​ម៉ោង​ពេល​ថ្ងៃ​ទេ ពេល​យប់ គឺ​ស្ថិត​ការ​គ្រប់គ្រង​របស់​នគរបាល​ការពារ​បេ​តិ​ភណ្ឌ ហើយ​ថា​គ្រញូង​ដែល​គេ​កាប់​នេះ គឺ​កាប់​នៅ​ពេល​យប់​។ ដូច្នេះ ខាង​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ឌ​ជា​អ្នក​ទទួលខុសត្រូវ ។​

​សូម​បញ្ជាក់​ថា ដោយសារ​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​មាន​តម្លៃ​ថ្លៃ​លើ​ទីផ្សារ គ្រញូង​ជា​ច្រើន​ដើម​នៅ​តំបន់​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​បាន​គេ​លួច​កាប់​ជា​បន្តបន្ទាប់ ជាក់ស្តែង គ្រញូង​ចំនួន​០៤​ដើម នៅ​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ ស្ថិត​ក្នុងភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ក៍​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​កាប់​កាលពី​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២០ ។​

​ជា​ការ​កត់សម្គាល់ រាល់​ការ​លួច​កាប់​គ្រញូង​នៅ​ក្នុង​តំបន់​អង្គរ គេ​កម្រ​ឃើញ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ចាប់​ជនសង្ស័យ​យក​មក​ផ្ទ​ន្ទា​ទោស​តាម​ច្បាប់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​មាន​តែ​ការ​បកស្រាយ​ឆ្លើយ​ទម្លាក់​កំហុស​ដាក់​គ្នា ដោយ​គ្មាន​មន្ត្រី​ណា​ចេញ​មុខ​ទទួលខុសត្រូវ​ឡើយ ៕