រាជធានីភ្នំពេញ ៖ ក្នុងថ្ងៃទីពីរ នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្ត នៅទូទៅប្រទេស មានចំនួន ២៧៧,០៧៨នាក់ កើនឡើង១៨.៧៥% ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ ។
យោងតាមស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ (ថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ) បានបង្ហាញថា ខេត្តដែលទទួលបានភ្ញៀវទេសចរ តិចជាងគេនោះគឺខេត្តកំពង់ស្ពឺ (ភ្ញៀវសរុបចំនួន ៦៩០នាក់) និងស្វាយរៀង (ភ្ញៀវសរុប ៧២៥នាក់) ។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុប មានចំនួនសរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៧៧០នាក់ ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន ៖
* ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់
* ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់
* ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់
* ខេត្តកែបមានចំនួន ២៣,២២៩នាក់
* ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់
* ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់
* ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់
* ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់ ។
ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ ៕