អ្នកភូមិកោះប្រាក់និងកៀនស្វាយ រអ៊ូរឿងទឹកឆ្នាំនេះរាក់

អ្នក​ភូមិ​មួយ​ចំនួន​នៅ​កោះ​ប្រាក់ និង កៀនស្វាយ ដែល​រស់នៅ​តាម​បណ្តោយដៃ​ទន្លេមេគង្គ បាន​រអ៊ូរទាំ​អំពី​ទឹក​ឆ្នាំ​នេះ​តូច​និង​រាក់ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មួយ​ចំនួន​ដែល​ប្រកប​របរ​ធ្វើ​ចំការ​ដំណាំ​ផ្សេង​ពិបាក​ទាញ​ទឹក​មក​ស្រោចស្រព ។​

​បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​«​អង្រុត​» ថា តាម​ទម្លាប់​ទឹក​នៅ​តាម​ដាំ​ទន្លេមេគង្គ​(​តំបន់​ផ្ទះទឹក​កៀនស្វាយ​) គឺ​នៅ​រៀង​រាល់​ខែកក្កដា​នៃ​ឆ្នាំ​នីមួយ​ៗ ទឹក​ចាប់ផ្តើម​ចូល​ព្រែក ឬ​ដៃទន្លេ​ហើយ ប៉ុន្តែ​ឆ្នាំ​នេះ ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ គឺ​ទឹក​អត់​ទាន់​ចូល​មក​ដល់​ជាង​ពាក់​កណ្តាលខែ​៨(​សីហា​)​ទៅ​ហើយ ។​

​អ្នក​ភូមិ​បន្ត​ថា ក្រៅពី​ទឹក​រាក់​ខុស​ប្រក្រតី ពួក​គាត់​ខ្លះ​ដែល​ប្រកប​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ឬ សម្រាប់​លក់​បន្តិចបន្តួច គឺ​ត្រី​ក៍​ខ្សត់​អត់​មាន ខុសធម្មតា​ផង​ដែរ ហើយ​ថា​ការ​ខ្សត់​ត្រី​នេះ មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ពល​ល​រដ្ឋ​ថា ប្រសិនបើ​ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​យឺត នោះ​ជីវភាព​ពួក​គាត់​នឹង​ជួប​ការ​លំបាក ខណៈ​បច្ចុប្បន្ន​ជីវភាព​ខ្សត់ខ្សោយ​របស់​ពួក​គាត់​កំពុង​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ស្រាប់ ដែល​លក់ដូរ​មិន​ដាច់ ។​

​សូម​បញ្ជាក់​ថា បញ្ហា​ទឹក​រាក់ ឬ ទឹក​មិន​ទាន់​ចូល​គ្រប់​ស្ទឹង ព្រែក និង​ដៃទន្លេ​នានា គឺ​បាន​និង​កំពុង​កើតឡើង​នៅ​តាម​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ដែរ​ទន្លេសាប​ដែល​ជា​សមុទ្រ​ទឹកសាប​ដ៍​ធំ​របស់​កម្ពុជា​និង​ក្នុង​តំបន់ ក៍​ត្រូវ​បាន​ប្រជា​នេសាទ​រអ៊ូរទាំ​អំពី​បញ្ហា​ទឹក​រាក់​និង​ខ្សត់​ត្រី​ផង​ដែរ ។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ កាលពី​ពេល​ថ្មី​ៗ​នេះ​

​គណៈកម្មការ​ទន្លេមេគង្គ បាន​ជំរុញ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៦ ដែល​មាន​ទាំង​ប្រទេស​ចិន និង​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈ​ដែល​អាង​ទន្លេមេគង្គ​ក្រោម ប្រឈម​នឹង​កំណត់​ត្រា​លំហូរ​ទឹក​ទាប​អស់​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​។ គណៈកម្មការ​បញ្ជាក់​ថា មូលហេតុ​នៃ​ទឹក​ទាប​នេះ រួម​មាន​បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្ក​ដោយ​បាតុភូត​អាកាសធាតុ​អែ​ល​នី​ណូ (El Nino) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូស​បន្លាយ ចាប់ពី​ឆ្នាំ​២០១៩​មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ​។​

​គណៈកម្មការ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​ស្ថានភាព​រាក់​ខ្លាំង ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់​ត្រា គិត​ចាប់ពី​ឆ្នាំ​១៩៩៧​មក​៕