ប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសិរីសោភ័ណបានសម្តែងការមិនសប្បាយចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចដែលត្រឹមតែធ្វើការព្រមានចាប់ខ្លួនថៅកែកាយដីលក់នៅស្ទឹងសិរិសោភ័ណ ដោយមិនព្រមចាត់ការតាមច្បាប់ ខណៈពលរដ្ឋមួយចំនួននោះយល់ឃើញថា ការកាយយកអាចម៍ដីពីស្ទឹងសិរីសោភ័ណរហូតស្ទើររលំស្ពានពីសំណាក់ថៅកែឈ្មោះ អ៊ឹង ប៊ុនហួរ ជាបទល្មើសជាក់ស្តែង ។
ការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនខាងលើ បានធ្វើឡើងក្រោយពេល អាជ្ញាធរក្រុងសិរីសោភ័ណ ពិសេសលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២០ សីហា ២០២០ បានព្រមានចាប់ខ្លួនលោក អ៊ឹង ប៊ុនហួរ បញ្ជូនទៅតុលាការ បើថៅកែកាយដីលក់រូបនេះ នៅតែធ្វើសកម្មភាពកាយដីស្ទឹងទឹកថ្លាបន្តទៅទៀត ។
នៅក្នុងបង្ក្រាបសកម្មភាពកាយយកអាចម៍ដីនៅមាត់ស្ទឹងទឹកថ្លា កាលពីថ្ងៃព្រហស្បតិ៍ សមត្ថកិច្ចមូលដ្ឋានដែលដឹកនាំដោយ លោក ហ៊ឹល រ៉ាយ៉ា នោះបានប្រមូលយកវត្ថុតាងរួមមានរថយន្តដឹកដីចំនួន៩គ្រឿង ត្រាក់ទ័រ១គ្រឿង អេសស្កា ៣គ្រឿង ខណៈគ្រឿងចក្រទាំងនេះកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីពីមាត់ស្ទឹង និងចំណីស្ទឹងសិរីសោភ័ណ។
សូមបញ្ជាក់ថា ការដ្ឋានជីកយកអាចម៍ដីរបស់ថៅកែឈ្មោះ អ៊ឹង ប៊ុនហួរនេះ ត្រូវបានអាជ្ញាធរអះអាងថា មិនមានច្បាប់អនុញ្ញាតធ្វើអាជីវកម្មនោះទេ ទាល់តែសកម្មភាពជីកយកអាចម៍ដី ក្នុងផ្ទៃបាតស្ទឹងសិរីសោភ័ណ ជាប់ទីតាំងក្បាលស្ពានទឹកថ្លា(ស្ពានដែកពីសង្គម) រហូតដល់ជើងសសរស្ពាននិងស្ទើររលំ ទើបសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប ក្រោយពីមានពលរដ្ឋរាយការណ៍ ។
នេះជាករណីកន្ទេលធំបន្លំដេក ថ្នាក់លើគួរមានវិធានការរដ្ឋបាល ឬ ច្បាប់ ព្រោះបើទុកមន្ត្រីប្រភេទមួយចំនួនតូចខាងលើ វានឹងអាចធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានមិនសប្បាយចិត្ត អស់ជំនឿលើមន្ត្រីមូលដ្ឋាន ពិសេសប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់គ្រប់វិស័យ រាប់ទាំងវិស័យអភិបាលកិច្ចល្អ និងប្រព័ន្ឋយុត្តិធ៌ម ដែលជាសសរស្តម្ភនោះថែមទៀត ៕