ឃើញបានត្រឹមតែអាណិតពលករខ្មែរដែលទាហានថៃចាប់ធ្វើបាប

ពលករ​ខ្មែរ​ជាង​១០ ត្រូវ​បាន​ទាហាន​ព្រំដែន​ថៃ​ចាប់ខ្លួន និង ចាប់​ឲ្យ​លុតជង្គង់​ក្រាប​ក្បាល​ដល់​ដី ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ឃើញ​រូបភាព​នេះ​អាណោចអាធ័ម​អាណិត​ជាតិ​សាសន៍​របស់​ខ្លួន ។​

​បើ​តាម​ប្រភព​បញ្ជាក់​ឲ្យ​ដឹង​ថា ហេតុការណ៍​ចាប់​ពលករ​ខ្មែរ​ឆ្លង​ដែន​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ សីហា ២០២០ នៅ​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ ៣១៩៧ ស្ថិត​ក្នុងស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។​

​មក​ទល់​នឹង​រសៀល​ម៉ោង​៤​និង​២០​នាទី​ថ្ងៃ​ទី​២២ សីហា​នេះ គេ​មិន​ទាន់​ដឹង​ថា អាជ្ញាធរ​ថៃ​ចាត់វិធានការ​តាម​ច្បាប់​របស់​គេ​យ៉ាងណា​នោះ​នៅឡើយ​ទេ ។​

​ចំណែក​ពលករ​ខ្មែរ​ទាំង​១១​នាក់​(​ស្រី​០១​នាក់​) ដែល​មុន​ពេល​ទាហាន​ថៃ​ចាប់ ពួក​គេ​បាន​ជិះ​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ​ថៃ «​ក្រុង​ថេ​ប ៤៥៤១»​នោះ ក៍​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ។​

​នៅ​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជុំវិញ​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​ពី​សំណាក់​ទាហាន​ព្រំដែន​ថៃ​ខាងលើ​នេះ ។​

​សូម​បញ្ជាក់​ថា ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ពី​សំណាក់​ទាហាន ឬ​អាជ្ញាធរ​ព្រំដែន​ថៃ វា​ហាក់ដូចជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​ករណី​នេះ​តែង​កើតឡើង​ស្ទើរ​រៀងរាល់ថ្ងៃ គ្រាន់តែ​ព័ត៌មាន​ខ្លះ​ត្រូវ​បាន​បែកធ្លាយ​ដោយ​ផ្ទាល់​ពី​ពលករ និង​ខ្លះ​ចេញពី​ព័ត៌មាន​របស់​ថៃ​ប៉ុណ្ណោះ ។​

​ជាង​នេះ​ទៀត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ទាហាន ឬ​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់ ខណៈ​ពួក​គេ​បាន​ឆ្លង​ដែន​ខុសច្បាប់​ទៅរ​កកាប់​ឈើ​គ្រញូង ឬ ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ឲ្យ​ឈ្មួញ​ថៃ តាមមេខ្យល់ ឬចិត្ត​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​និង​របួស​រាប់​សិប​នាក់ ។​

​តាម​រយៈ​នេះ អាជ្ញាធរ​ពាក់​ព័​ន្ឋ ក៍​ដូច​ជា​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ខ្មែរ តែង​ចេញ​សេចក្តី​ប្រកាស​ហាម​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់ ដោយ​អំពាវនាវ​ឲ្យ​មានការ​រក​ការងារ​និង​ប្រកប​មុខរបរ​ក្នុងស្រុក ប៉ុន្តែ​បើ​យើង​សួរ​ពលករ​ដែល​ឆ្លង​ដែន​ខុសច្បាប់ ពួក​គេ​នឹង​ឆ្លើយ​ថា នៅ​ថៃ​កម្លាំង​ពលកម្ម​ថ្លៃ​គួរសម តម្លៃ​ទំនិញ​(​ម្ហូបអាហារ​)​ថោក ហើយ​ថាបើ​ពួក​គេ​មិន​ទៅ​បាន​អី​ហូប និង​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ដែល​ក្រលំបាក​នៅ​ស្រុក ៕