រយៈពេល៩ខែ ឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ជប៉ុនមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។
នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងទៅកាន់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២២ សីហា ២០២០ ។
បើតាមលោកប្រមុខរាជរដ្ឋាភិបាលខ្មែរ កាលពីឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។
យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានបញ្ជាក់ដែរថា «ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺឯកឧត្តមបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានត្រៀមថវិកាមួយចំនួនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។ ឯកឧត្តម ក៏បានស្នើសុំដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា និស្សិតកម្ពុជាយើងចំនួន១៩នាក់ត្រូវទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ឆាប់នេះ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយទៅលើកំពង់ផែក្រុងព្រះសីហនុសម្រាប់ធ្វើយ៉ាងណាឲ្យកំពង់ផែនោះទទួលកប៉ាល់ធំៗចូលចត ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំសម្ដេចតេជោឲ្យមានការគាំទ្រគម្រោងនេះផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុនសារជាថ្មីទៀតបន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយទំនាក់ទំនង និងការផ្ដល់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀតផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ចំពោះការបើកដំណើរការឡើងវិញនៃប្រទេសទាំងពីរ សម្តេចបានស្នើឲ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណាណា ដែលការហោះហើរនេះ នឹងអាចនាំអោយការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា ការហោះហើរឡើងវិញនេះ នាំអោយមានការកើនឡើងក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជាជាពិសេសជាមួយនឹងកម្មវិធីជំនួយក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះមិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញកំពុងតែដំណើរការជាប្រក្រតី៕»។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ម៉ូតេហ្គី តូស៊ីមីសឹ នឹងជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ហើយក៍ជាការបង្ហាញនូវសាមគ្គីភាពក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៍ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ (Toshimitsu Motegi ) បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីល្ងាចថ្ងៃទី២១ សីហាម្សិលមិញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ហើយតាមគម្រោងលោកនឹងគណៈប្រតិភូអមដំណើរនឹងអញ្ជើញចាកចេញពីកម្ពុជានៅថ្ងៃស្អែក ៕