ក្រសួងពាណិជ្ជកម្ម នឹងបង្ហាញលទ្ធផលត្រួតពិនិត្យគុណភាពម្សៅទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) នៅសប្ដាហៈក្រោយនេះ បន្ទាប់ពីបានបញ្ចូនទៅពិនិត្យគុណភាពនៅមន្ទីរពិសោធន៍មួយក្នុងប្រទេសសិង្ហបុរី ។ សង្គមស៊ីវិលសារទរចំពោះការបង្ហាញអំពីតម្លាភាពក្នុងស្រាវជ្រាវរបស់អាជ្ញាធរ។ ចំណែក អាណាព្យាបាលទារកដែលមានជំងឺស្លេកស្លាំងបារម្ភពីលទ្ធផលនៃការត្រួតពិនិត្យនេះ ប៉ុន្តែនៅតែ មិនបោះបង់ការស្វែងរកការពិតនៃគុណភាពម្សៅទឹកដោះគោ ម៉ាក នូទ្រីលេតនោះទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងប្រាប់អាស៊ីសេរីថា អង្គភាពជំនាញរបស់ក្រសួង បានទទួលលទ្ធផលពិនិត្យម្សៅទឹកដោះគោម៉ាក នូទ្រីលេត (Nutrilatt) ពីមន្ទីរពិសោធន៍អន្តរជាតិរួចហើយ ប៉ុន្តែនៅមិនទាន់អាចបង្ហាញលទ្ធផលនេះនៅឡើយទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ឱ្យដឹងនៅថ្ងៃទី២០ សីហាថា អង្គភាពរបស់លោកនឹងបង្ហាញលទ្ធផលធ្វើតេស្តម្សៅទឹកដោះគោម៉ាក នូទ្រីលេត (Nutrilatt) នៅចំពោះមុខអាណាព្យាបាលរបស់ទារកមានជំងឺស្លេកស្លាំង និងតំណាងក្រុមហ៊ុននៅថ្ងៃទី២៦ សីហា វេលាម៉ោង ៩ព្រឹក សប្ដាហ៍ក្រោយនេះ។ លោកបន្តថា តំណាងអង្គការអន្តរជាតិចំនួន៣ដែលធ្វើការពាក់ព័ន្ធជាមួយកុមារ និងសុខភាព រួមមានអង្គការយូនីសេហ្វ (UNICEF) អង្គការសុខភាពពិភពលោក (WHO) និងអង្គការហេឡែន ខេលល័រអន្តរជាតិ ( Helen Keller International) ក៏នឹងមានវត្តមាននៅក្នុងកម្មវិធីនោះដែរ៖ «អត់ទាន់បាននេះផងបង ណាត់ជួបខាងតំណាងក្រុមហ៊ុនជាមួយខាងមាតាហ្នឹងដូចជាថ្ងៃ២៦ ថ្ងៃហ្នឹងយើងនឹងធ្វើការហែកស្រោមសំបុត្រដែលខាងមន្ទីរពិសោធន៍គេធ្វើមានការទទួលស្គាល់លក្ខណៈអន្តរជាតិ អ៊ីចឹងយើងអញ្ជើញភាគីទាំងសងខាងជួបគ្នា ហើយយើងហែកស្រោមសំបុត្រនៃលទ្ធផលទាំងអស់គ្នាមុខភាគីទាំងពីរតែម្ដង»។
ក្រសួងពាណិជ្ជកម្ម បានបញ្ជូនម្សៅទឹកដោះគោម៉ាក នូទ្រីលេត ទៅពិនិត្យគុណភាព កាលពីចុងខែកក្កដាកន្លងទៅ ដើម្បីពិនិត្យមើលសារធាតុចិញ្ចឹមនៃម្សៅទឹកដោះគោនេះ បន្ទាប់ពីមានការស្នើសុំអន្តរាគមន៍ពីអាណាព្យាបាលកុមារដែលមានជំងឺស្លេកស្លាំង។ ខាងក្រសួងបានអះអាងថា មន្ទីរពិសោធន៍ដែលត្រួតពិនិត្យម្សៅទឹកដោះគោម៉ាក នូទ្រីលេត គឺជាកន្លែងដែលមានស្តង់ដារហើយអាចពិនិត្យរកគុណភាពម្សៅទឹកដោះគោ នូទ្រីលេត (Nutrilatt) បានត្រឹមត្រូវ។
ក្រុមមាតាបិតាទារកដែលមានជំងឺស្លេកស្លាំង បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងពាណិជ្ជកម្ម គឺដោយសារតែក្រុមហ៊ុនបានផ្សព្វផ្សាយពាណិជ្ជកម្មថា ម្សៅទឹកដោះគោ នូទ្រីលេត ជាផលិតផលរបស់ប្រទេសសិង្ហបុរី តែការពិតម្សៅទឹកដោះគោនេះផលិតនៅប្រទេសម៉ាឡេស៊ីទៅវិញ។ អាណាព្យាបាលទាំងនោះអះអាងថា កូនៗរបស់ពួកគេរងគ្រោះកើតជំងឺស្លេកស្លាំង ដោយសារតែទទួលទានម្សៅទឹកដោះគោ ម៉ាក នូទ្រីលេត (Nutrilatt) ធ្វើឱ្យខ្វះជាតិដែក និងខ្វះឈាមក្រហមធ្ងន់ធ្ងរ។
ម្ដាយរបស់ទារកមានជំងឺស្លេកស្លាំង លោកស្រី គង់ ចន្ទ័ម៉ាលីស ឱ្យអាស៊ីសេរីដឹងថា លោកស្រីនិងអាណាព្យាបាលផ្សេងទៀតនឹងចូលរួមតាមការកោះហៅរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៦ខាងមុខ ដើម្បីបានឃើញលទ្ធផលនៃការពិនិត្យគុណភាពរបស់ម្សៅទឹកដោះគោ ម៉ាក នូទ្រីលេត។ លោកស្រីបន្តថា លោកស្រីពិតជាមានការបារម្ភចំពោះលទ្ធផលនៃការពិនិត្យ ប៉ុន្តែលោកស្រីត្រៀមនឹងប្រឈមជាមួយលទ្ធផលនោះ។ លោកស្រីបញ្ជាក់ជំហរថា លោកស្រី និងក្រុមអាណាព្យាបាលដទៃទៀតនឹងបន្តស្វែងរកការពិតក្នុងរឿងនេះ ដោយមិនបញ្ឈប់ត្រឹមហ្នឹងនោះទេ៖ «បើសិនជាលទ្ធផលហ្នឹងវាខុសពីអ្វីដែលពួកខ្ញុំរំពឹងទុក គឺពួកខ្ញុំនឹងពិភាក្សាគ្នាម្តងទៀតថា នឹងត្រូវធ្វើរបៀបម៉េច ចង់និយាយថា ពួកខ្ញុំនឹងគិតវិធីសាស្ត្រផ្សេងទៀតហើយឲ្យគេបង្ហាញលទ្ធផលថា ហេតុអីផលិតផលហ្នឹងអត់មានបញ្ហាអីច៊ីង ពិព្រោះកូនពួកខ្ញុំមឹម (បៅ) សុទ្ធតែមានបញ្ហាទាំងអស់»។
ទាក់ទងនឹងករណីម្សៅទឹកដោះគោម៉ាកនូទ្រីលែត នេះដែរ អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ជាច្រើនដង ទាំងតាមទូរស័ព្ទ និងប្រព័ន្ធតេឡេក្រាម ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។ អ្នកស្រី ឱ វណ្ណឌីន ជាញឹកញាប់ឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មានលើប្រធានបទជាច្រើន ប៉ុន្តែករណីម្សៅទឹកដោះគោនូទ្រីលែតនេះ អ្នកស្រីបានរក្សាភាពស្ងៀមស្ងាត់ ទោះជាអ្នកសារព័ត៌មានជជីកសួរបែបណាក្ដី។ ជាងនេះទៅទៀត ក្រសួងសុខាភិបាលដែលជាស្ថាប័នទទួលខុសត្រូវលើសុខភាពពលរដ្ឋវិញ ក៏ហាក់ធ្វើមិនដឹងមិនលឺចំពោះករណីនេះដែរ ទោះជាមានបណ្ដឹងពីឪពុកម្ដាយទារកកើតជំងឺស្លេកស្លាំងនោះ យ៉ាងណាក៏ដោយ។
ប្រធានផ្នែកសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) លោក នី សុខា សាទរចំពោះក្រសួងពាណិជ្ជកម្មដែលនឹងបង្ហាញលទ្ធផលត្រួតពិនិត្យគុណភាពម្សៅទឹកដោះគោនេះនៅចំពោះមុខអ្នកពាក់ព័ន្ធ។ លោកបន្ថែមថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធត្រូវតែមានវិធានការច្បាស់លាស់ក្នុងការត្រួតពិនិត្យគ្រប់ផលិតផល និងទំនិញទាំងឡាយដែលនាំចូលកម្ពុជា និងមិនត្រូវធ្វេសប្រហែសឲ្យមានទំនិញឬផលិតផលដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះទេ។ លោកបន្តថា នៅពេលទំនិញឬផលិតផលទាំងនោះបានចរាចរលើទីផ្សារហើយ ទើបមានការពិនិត្យជាក្រោយ នោះគឺជាកំហុសឆ្គងរបស់រដ្ឋាភិបាល៖ «ទាក់ទងទៅនិងការនាំចូលផលិតផលគឺត្រូវតែមានឆ្លងកាត់ការត្រួតពិនិត្យរបស់សមត្ថកិច្ចដែលមានការត្រួតពិនិត្យផលិតផលទាំងអស់ហ្នឹង យើងគិតថាមិនមែនតែរឿងម្សៅទឹកដោះគោហ្នឹងទេ រឿងផលិតផលដែលនាំចូលពីបរទេសមកសម្រាប់ស្រុកខ្មែរយើងគួរតែពង្រឹងឲ្យបានឡើងវិញអំពីការត្រួតពិនិត្យនូវផលិតផលទាំងអស់ហ្នឹង»។
ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ចែងថា បុគ្គលទាំងឡាយដែលធ្វើធុរកិច្ច មិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតឡើយ។ អំពើមិនសុចរិត សំដៅដល់អំពើណាមួយ ដែលអាចបំភ័ន្ត ឬបោកបញ្ឆោតអ្នកប្រើប្រាស់ ទោះដោយចេតនា ឬអចេតនាក្ដី។ អ្នកល្មើសនឹងត្រូវរងការព្រមានជាលាយលក្ខណ៍អក្សរ ពិន័យជាទឹកប្រាក់ និងឈានដល់ជាប់ពន្ធនាគារ ទៅតាមស្ថានទម្ងន់ទោសដែលតុលាការរកឃើញ៕
ប្រភព ៖ RFA