រាជធានីភ្នំពេញ ៖ ប្រេងរំអិលម៉ាក «MOBIL» គឺជាផលិតផលមកពីសហរដ្ឋអាមេរិក ត្រូវបានក្រុមហ៊ុនយ៉ាងហោចចំនួន២ ក្លែងសន្លឹកពន្ធនាំចូលខុសច្បាប់ រំលោភសិទ្ធិនាំចូលផ្ដាច់មុខរបស់ក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក ។
សមត្ថកិច្ចធ្វើការបង្ក្រាបបានប្រេងរំអិលរាប់សិបពុយ និងរាប់សិបកំប៉ុងទៀត ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុន ខេមលូប (ខេមបូឌា) ឯ.ក ដែលទទួលបានសិទ្ធិពីក្រសួងពាណិជ្ជកម្ម បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផលប្រេងរំអិលម៉ាក «MOBIL» នៅកម្ពុជា ។
មន្ត្រីគយសហការជាមួយមន្ត្រីអាវុធហត្ថ បង្ក្រាបកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈរថយន្តមួយគ្រឿងពាក់ស្លាកលេខ 2J-3229 របស់ក្រុមហ៊ុន តាំង ប្រាឌើរ អូតូ ខូអិលធីឌី ដឹកក្នុងទិសដៅយកទៅចែកចាយ នៅតាមកន្លែងលក់ប្រេងរំអិលនានា ។ ក្នុងនោះ ក្រោយពីឃាត់ហើយមន្ត្រីគយបានយកពិល UV បាញ់ពិនិត្យមើលទៅលើសំបុត្រពន្ធនាំចូល ទើបដឹងថា សុទ្ធតែជាសន្លឹកពន្ធក្លែងក្លាយ គ្មានឯកសារបញ្ជាក់ពីការបង់ពន្ធនាំចូលអ្វីឡើយ ទើបមន្ត្រីគយសម្រេចឃាត់ទាំងប្រេងរំអិល និងរថយន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ។
ដោយឡែកមួយករណីទៀត សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំដោយព្រះរាជអាជ្ញារង វ៉ិត មឃៈ ចុះឆែកឆេរនៅក្នុងទីតាំងក្រុមហ៊ុន ហុង ឌី សេង(ខេមបូឌា) ស្ទីល បានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចរឹបអូសបានប្រេងរំអិលម៉ាក Mobil មិនទាន់ប្រើចំនួន៥២ពុយ និងសំបកធុងដែលប្រើអស់ចំនួន១៨១ពុយ បន្ថែមទៀត ។
ករណីនេះ សមត្ថកិច្ចបានធ្វើការសាកសួរលើបុគ្គលិក ដែលស្ថិតនៅក្នុងទីតាំងខាងលើបានឆ្លើយរបៀបមិនច្បាស់លាស់ ខណៈថៅកែក្រុមហ៊ុនជាជនជាតិចិន បានគេចខ្លួនបាត់ ទើបសមត្ថកិច្ចសំម្រេច រឹបអូសវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ដូចគ្នា ៕