ប្រធានព្រឹទ្ឋសភា លោក ហេង សំរិន បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាថាបានការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តធានារក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ។
ការលើកឡើងរបស់ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាខាងលើ បានធ្វើឡើងនៅក្រោយពិធីប្រោះព្រំ “អាស្រមមរតកចក្រី” និងសមាជិកសមាជិកាក្រុមប្រឹក្សាស្រុក ឃុំ នៃខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ នៅក្នុងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី២៤ សីហា ២០២០ ។
នៅក្នុងឱកាសនោះ លោក ហេង សំរិន បានជំរុញ លើកទឹកចិត្ត ដល់អាជ្ញាធរ មន្ត្រីរាជការទាំងអស់ បង្កបរិយាកាសដល់ប្រជាពលរដ្ឋ ក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសការពង្រីកមុខរបរកសិកម្ម ការបង្កបង្កើនផល និងចិញ្ចឹមសត្វ ក្នុងវិស័យវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោកប្រធានរដ្ឋសភា បានលើកទឹកចិត្តឱ្យអាជ្ញាធរ មន្ត្រីគ្រប់ជាន់ថ្នាក់ ចូលរួមខិតខំលើកកម្ពស់វិស័យអប់រំ តាមរយៈការបង្កលក្ខណៈសម្បត្តិសិក្សាពីចម្ងាយ នៅក្នុងសហគមន៍ខ្លួន ដែលជាវិធានការរបស់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់នូវការអប់រំដល់សិក្សានុសិស្ស នៅក្នុងពេលការរាតត្បាតជំងឺកូវីដ១៩នេះនិងបានស្នើដល់អាជ្ញាធរ បន្តជួយជំរុញក្មួយៗ យុវជន យុវនារី ឱ្យខិតខំសិក្សាជំនាញបច្ចេកទេស ដើម្បីប្រកបវិជ្ជាជីវៈដែលឆ្លើយតបនឹងតម្រូវការងារ និងការវិវឌ្ឍជឿនលឿនផ្នែកបច្ចេកវិទ្យាទំនើបសព្វថ្ងៃនេះផងដែរ។
លោកប្រធានរដ្ឋសភាជាតិបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញ កម្មវិធីជំនួយសង្គម ពិសេសការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ កម្មករបាត់បង់ការងារ ស្ត្រីមានផ្ទៃពោះ និងក្មេងអាយុក្រោម ២ឆ្នាំ និងវិធានការអន្តរាគមន៍ផែ្នកសេដ្ឋកិច្ច ដែលក្នុងនោះការអនុគ្រោះពន្ធ ការអនុញ្ញាតមិនឱ្យបង់ប្រាក់វិភាគទានធានារ៉ាប់រងហានិភ័យការងារ និងថែទាំសុខភាព ការផ្តល់ភាពអនុគ្រោះលើលក្ខខណ្ឌឥណទាន និងការជួយឧបត្ថម្ភ សហគ្រាសខ្នាតតូច និងមធ្យម ផងដែរ។
បើតាមលោក ហេង សំរិន រហូតមកដល់ពេលនេះ មានគ្រួសារពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ១៩ មិនតិចជាង ៥៧ម៉ឺនគ្រួសារទេ បានទទួលបានប្រាក់ឧត្ថម្ភពីរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលបានលបញ្ចេញថវិកាប្រមាណជាង ៥០លានដុលា្លរ ហើយរាជរដ្ឋាភិបាល កំពុងបន្តស្រាវជ្រាវកំណត់រកគ្រួសារក្រីក្របន្តទៀត ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនោះឡើយ។
លោកបញ្ជាក់ទៀតថា នៅក្នុងកាលៈទេសៈដ៏បាកយ៉ាងក្តី រាជរដ្ឋាភិបាលខិតខំ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងប្រទេសជាតិ ប្រកបដោយការយកចិត្តទឹកដាក់ខ្ពស់ ធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍជាលំដាប់ ហើយកម្រិតជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើង បច្ចុប្បន្ននេះ ផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ ប្រមាណ ជាង១ ៦០០ ដុល្លារអាមេរិក ហើយភាពក្រីក្រស្ថិតក្នុងរង្វង់១០%ប៉ុណ្ណោះ ៕