ក្រុមហ៊ុន​(​ហុង ឌី​សេង​)​និង​(​តាំង ប្រា​ឌើ​រ​) ក្លែង​សន្លឹក​ពន្ធ លួច​នាំ​ចូល​ប្រេងរំអិល​ម៉ាក​«MOBIL»

រាជធានី​ភ្នំពេញ ៖ ប្រេងរំអិល​ម៉ាក «MOBIL» គឺជា​ផលិតផល​មក​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​ក្រុមហ៊ុន​យ៉ាង​ហោច​ចំនួន​២ ក្លែង​សន្លឹក​ពន្ធ​នាំ​ចូល​ខុសច្បាប់ រំលោភសិទ្ធិ​នាំ​ចូល​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន ខេ​មលូ​ប (​ខេ​ម​បូ​ឌា​) ឯ​.​ក ។

សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន​ប្រេងរំអិល​រាប់​សិប​ពុ​យ និង​រាប់​សិបកំ​ប៉ុង​ទៀត ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន ខេ​មលូ​ប (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​ទទួល​បាន​សិទ្ធិ​ពី​ក្រសួងពាណិជ្ជកម្ម បាន​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​លើ​ផលិតផល​ប្រេងរំអិល​ម៉ាក «MOBIL» នៅ​កម្ពុជា ។

មន្ត្រី​គយ​សហការ​ជាមួយ​មន្ត្រី​អាវុធហត្ថ បង្ក្រាប​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ខណៈ​រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ 2J-3229 របស់​ក្រុមហ៊ុន តាំង ប្រា​ឌើ​រ អូ​តូ ខូ​អិ​ល​ធី​ឌី ដឹក​ក្នុង​ទិស​ដៅ​យក​ទៅ​ចែកចាយ នៅ​តាម​កន្លែង​លក់​ប្រេងរំអិល​នានា ។ ក្នុង​នោះ ក្រោយ​ពី​ឃាត់​ហើយ​មន្ត្រី​គយ​បាន​យក​ពិល UV បាញ់​ពិនិត្យ​មើលទៅ​លើ​សំបុត្រ​ពន្ធ​នាំ​ចូល ទើប​ដឹង​ថា សុទ្ធតែ​ជា​សន្លឹក​ពន្ធ​ក្លែងក្លាយ គ្មាន​ឯកសារ​បញ្ជាក់​ពី​ការ​បង់ពន្ធ​នាំ​ចូល​អ្វី​ឡើយ ទើប​មន្ត្រី​គយ​សម្រេច​ឃាត់​ទាំង​ប្រេងរំអិល និង​រថយន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក​មួយ​ករណី​ទៀត សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង វ៉ិ​ត ម​ឃៈ ចុះ​ឆែកឆេរ​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន ហុង ឌី សេង​(​ខេ​ម​បូ​ឌា​) ស្ទីល បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧត្តុ​ង ខេត្តកំពង់ស្ពឺ ។ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​រឹបអូស​បាន​ប្រេងរំអិល​ម៉ាក Mobil មិន​ទាន់​ប្រើ​ចំនួន​៥២​ពុ​យ និង​សំបក​ធុង​ដែល​ប្រើ​អស់​ចំនួន​១៨១​ពុ​យ បន្ថែម​ទៀត ។

ករណី​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ​លើ​បុគ្គលិក ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​ខាងលើ​បាន​ឆ្លើយ​របៀប​មិន​ច្បាស់លាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ជា​ជនជាតិ​ចិន បាន​គេចខ្លួន​បាត់ ទើប​សមត្ថកិច្ច​សំ​ម្រេច រឹបអូស​វត្ថុ​តាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ដូច​គ្នា ៕