ដើមស្រល់មួយចំនួន ស្ថិតនៅក្នុងរមណីយដ្ឋាន«ខ្នងផ្សារ» ដែលជារមណីយដ្ឋានធម្មជាតិមានទេសភាពដ៍ស្រស់បំព្រងស្អាតដូចគំនូរ អាកាសធាតុត្រជាក់ ក្នុងតំបន់រលាក់កងជើង ភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានប្រជាពលរដ្ឋដែលឡើងទៅលេង ឬ នាំភ្ញៀវឡើង បានកាប់ចាំងយកទៅបង្កាត់ភ្លើង ដើម្បីចម្អិនអាហារបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋាននានាជាច្រើន ពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក គណនីឈ្មោះ Sren Lee បានធ្វើការសំណូមពរឲ្យឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើង ដោយគាត់បានលើកឡើងថា៖ «សូមបងប្អូនប្រជាសហគមន៍ដែលឡើងទៅលេងឬនាំភ្ញៀវឡើងខ្នងផ្សារ សូមឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើងទៀតទៅ ចាំងយូរៗធ្វើឲ្យដើមស្រល់ងាប់ ខ្យល់បក់មករលំគ្រោះថ្នាក់ដល់បងប្អូនផ្ទាល់ក៏ដូចជាភ្ញៀវដែលទៅលេងទីនោះ។ គួរយកពោះវៀនម៉ូតូចាស់ៗទៅបង្កាត់ភ្លើងជំនួសវិញ ដើម្បីអភិរក្សដើមស្រល់នៅតំបន់ដ៏ស្រស់ស្អាតនេះ ព្រោះថាដើមស្រល់ទម្រាំតែដុះធំមួយៗមិនតិចឆ្នាំទេ ខ្លះឈានដល់ជាង១០០ឆ្នាំ ២០០ឆ្នាំក៏មាន។»។
សូមបញ្ជាក់ថា ដើមស្រល់មួយចំនួននៅខេត្តមណ្ឌលគិរី និងឧទ្យានជាតិព្រះសុរាម្រិតកុសៈមៈគិរីរម្យ ក៍ត្រូវបានគេរាយការណ៍មកថា បានរងការទន្ទ្រានកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញនិងអ្នកមានលុយមានអំណាចមួយចំនួន ដើម្បីយកដីផងដែរ ៕