បង្គាជិត១០០គីឡូក្រាម នៅផ្សារក្តាម ខេត្តកែប ត្រូវបានមន្ត្រីជំនាញរកឃើញថាបានចាក់សារធាតុចាហួយ និងផ្ទុកសារធាតុគីមី និងត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល។
នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខេត្តកែប ។
នៅក្នុងការចុះពិនិត្យក្នុងផ្សារក្តាម ខេត្តកែប ក្រោមការដឹកនាំរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប កាលពីថ្ងៃទី២២ សីហា ២០២០នោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករឲ្យបញ្ឈប់ការនាំចូលបង្គាដែលមានសារធាតុគីមីយកមកលក់ ដេលធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ។
មន្ត្រីជំនាញ នឹងបន្តស្វែងរកមុខសញ្ញាបន្ថែម និងមិនឲ្យមានឈ្មួញឆ្លៀតឱកាស លក់ទំនិញគ្មានគុណភាពនៅលើទីផ្សារខេត្តកែបទៀតឡើយ។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នផលិតផលក្លែងក្លាយ និងចូលរួមសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ច បើសង្ស័យទីតាំងណាមួយ លក់ផលិតផលខុសច្បាប់ ដើម្បីទប់ស្កាត់ និងការពារសុខុមាលភាពពលរដ្ឋទាំងអស់គ្នា។
សូមបញ្ជាក់ដែរថា បង្គាដែលចក់ចាហួយចូលនិងលាយសារធាតុគីមី ត្រូវបានគេអះអាងថា ភាគច្រើននាំចូលពីប្រទេសវៀតណាម ហើយកន្លងមកសមត្ថកិច្ចនៅតាមព្រំដែន ក៍បង្ក្រាបបានជាញឹកញាប់ ដូចជានៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពតជាដើម ៕