ប៉ូលិសច្រកអូរស្មាច់ថាបើចង់យកមាន់២ក្បាលចេញពីថៃ ទាល់តែបង់លុយ៤០០បាត

នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​មួយ​រូប គឺ​លោក​អនុសេនីយ៍ឯក សៀន វ​ណ្ណា ត្រូវ​បាន​ស្ត្រី​ម្នាក់​រស់នៅ​សង្កាត់​អូរ​ស្មាច់ ដាក់​ពាក្យ​ប្តឹង​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពី​បទ​ជម្រិត​ទា​ប្រាក់​ចំនួន ៤០០​បាត ជា​ថ្នូរ​នឹង​ការ​មិន​ចាប់​សត្វ​មាន់​២​ក្បាល ដែល​ស្ត្រី​ដើមបណ្ដឹង​ទិញ​មក​ពី​ប្រទេស​ថៃ ដើម្បី​យក​មក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។​

​ស្ត្រី​ដើមបណ្ដឹង​មានឈ្មោះ ឈុំ សំណាង អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ស្មាច់ បាន​និយាយ​រៀបរាប់​ប្រាប់ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ រូប​គាត់​បានឱ្យ​អ្នក​ស្គាល់គ្នា ដែល​បើករថយន្ត​ដឹក​ទឹកកក​ចេញពី​ប្រទេស​ថៃ ជួយ​ទិញ​មាន់​ឱ្យ​គាត់​បាន​២​ក្បាល ដើម្បី​យក​មក​ចិញ្ចឹម​នៅផ្ទះ ព្រោះ​សម័យ​កូ​វី​ដ​-១៩ មិនដឹង​មាន​របរ​អ្វី​ធំដុំ​ធ្វើ​ទេ ដូច្នេះ​គាត់រ​ករបរ​ចិញ្ចឹមសត្វ នៅផ្ទះ​នេះ​វា​ស្រួល​ជាង​។​

​ស្ត្រី​ដដែល​បាន​បន្ត​ថា ពេល​មក​ដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​លោក​អនុសេនីយ៍ឯក សៀន វ​ណ្ណា​រ៉ា មិន​អនុញ្ញាត​ឱ្យ​នាំ​សត្វ​មាន់​២​ក្បាល​នោះ​ចូល​ទៅ​ទេ​។​

​មន្ត្រី​នគរបាល​រូប​នោះ​ថែម​ទាំង​ទារប្រាក់​ចំនួន​៤០០​បាត ជា​ថ្នូរ​នឹង​ការ​មិន​ដកហូត​មាន់ ទាំង​ពីរ​ក្បាល​នេះ​ទុក​។ ដោយសារ​ការ​អង្វរ​មិន​ព្រម អ្នក​ដែល​គាត់​ផ្ញើ​ឱ្យ​ទិញ​មាន់​នោះ ក៏​បង់ប្រាក់​ឱ្យ​មន្ត្រី​នគរបាល​រូប​នោះ​ចំនួន ៤០០​បាត តាម​ការ​ទាមទារ​។​

​ដោយសារ​ទ​ង្វើ​របស់​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ ច្រក​អន្តរជាតិ​អូរ​ស្មាច់​បែប​នេះ ស្ត្រី​ដដែល​ក៏​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃនេះ ដោយ​មិន​ខ្លាច​នោះ​ទេ​។ គាត់​ថា នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ តែងតែ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជា​ញឹកញាប់ ពេល​ខ្លះ​មានការ​ឈ្លោះប្រកែក​ជេរ​គ្នា រឿង​យក​លុយ​ពី​ពលរដ្ឋ​ទៅ​ទិញ​ម្ហូប​ពី​ថៃ ដឹក​តាម​ម៉ូតូ​ក៏​មាន​ដែរ​៕

ប្រភព៖ Fresh News